ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត នៅតែបន្តយុទ្ធនាការរៀបចំបិទផ្សាយ និងចុះបញ្ជីក្បាលដីជាសាធារណ: ជាលក្ខណៈជាប្រព័ន្ធក្នុងភូមិស្រែពោធ៍

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិស្រែពោធ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីលោកមិញ ស៉ីចាយ ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង នាយករងរដ្ឋបាលសាលាខេត្ត ចៅសង្កាត់ សមាជិក-សមាជិកាគណៈកម្មការរដ្ឋបាលប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនកុះករផងដែរ។

តាមការលើកឡើងរបស់លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបានឲ្យដឹងថា មន្ទីរបានរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង មានក្បាលដីសរុបចំនួន២.៦៩៨ក្បាលដី ដែលមានទំហំសរុបស្មើនឹង២.៤៣៨,៩៩ ហិកតា  និងចំនួនគ្រួសារសរុបមានចំនួន១.៤៨៧ គ្រួសារ។

លោកបន្តែមថា ការបិទផ្សព្វផ្សាយជាសាធារណៈនេះពិតជាមានសារៈសំខាន់ណាស់ មានរយៈពេល១៥ថ្ងៃដើម្បីទុកឱកាសឲ្យម្ចាស់ក្បាលដីពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យរបស់ខ្លួនមុននឹងចេញបណ្ណកម្មសិទ្ធិ។ ជាងនេះទៅទៀត លោកប្រធានមន្ទីរបានបន្ថែមទៀតថា សម្រាប់ភូមិស្រែពោធិ៍ ប្រជាពលរដ្ឋអាចមកពិនិត្យទិន្នន័យដីរបស់ខ្លួនចាប់ពីថ្ងៃទី ២៦  ខែតុលា ឆ្នាំ២០២០នេះតទៅ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីជៀសវាងកុំឲ្យមានកំហុសឆ្គង ទិន្នន័យដែលអាចធ្វើឲ្យមានផលលំបាកនៅថ្ងៃក្រោយ ព្រោះការចេញបណ្ណកម្មសិទ្ធិនេះ មិនងាយស្រួលក្នុងការកែប្រែទិន្នន័យនោះឡើយ។

លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា: ការចុះបញ្ជីក្បាលដីមានលក្ខណៈជាប្រព័ន្ធ ដើម្បីទទួលបានបណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់លើក្បាលដីនីមួយៗ។ ប្រជាពលរដ្ឋដែលទទួល

បានបណ្ណកម្មសិទ្ធិ គឺជាម្ចាស់ដីពេញលក្ខណៈ ហើយត្រូវបានការពារដោយច្បាប់។ 

ទន្ទឹមនេះលោកអភិបាលខេត្តបានបន្ថែមថា បងប្អូនជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផល និងចាត់ចែងដីរបស់ខ្លួនផ្តាច់មុខ និងទូលំទូលាយ កុំឲ្យតែយកដីនោះទៅប្រើប្រាស់ក្នុងលក្ខណ:ណាមួយដែលផ្ទុយទៅនិឹងច្បាប់បានហាមឃាត់តែប៉ុណ្ណោះ នេះហើយដែលជាអត្ថន័យនៃតម្លៃប័ណ្ណកម្មសិទ្ធិដីធ្លី។ ដូច្នេះសូមបងប្អូន កូនក្មួយទាំងអស់ត្រូវបន្តធ្វើអាជីវកម្មនិងមុខរបរដែលបងប្អូនកំពុងបង្កបង្កើនផល និងអាស្រ័យផលលើដីនេះ ដើម្បីទទួលបានផលដែលកើតចេញពីដីមានកម្មសិទ្ធិស្របច្បាប់ ប្រសើរជាងការលក់ដូរទៅឱ្យអ្នកផ្សេង ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ដែលផលយើងធ្លាប់ទួលបាន ហើយនឹងបាត់បង់ផលនោះទៅវិញជារៀងរហូត៕

ដោយ៖ មាស សុផាត


ចែករំលែក៖