ព័ត៌មានទាន់ហេតុការណ៍៖

លោកប៉ា សុជាតិវង្ស ជម្រុញឲ្យអាជ្ញាធរមូលដ្ឋានខណ្ឌ សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធដោះស្រាយបញ្ហាសំណូមពរប្រជាពលរដ្ឋឲ្យចំទិសដៅ

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែកក្តិក ឆ្នាំជូត ទោស័ក . ២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញអញ្ជើញជាគណៈអធិបតី ក្នុងពិធីវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣  ឆ្នាំ២០២០ នៅខណ្ឌមានជ័យ ដោយមានការចូលរួមពីលោក យិត បុណ្ណា អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌមានជ័យ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីភ្នំពេញ  លោកស្រី ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញក្រុមប្រឹក្សាខណ្ឌមានជ័យ គណៈអភិបាលខណ្ឌមានជ័យ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យលោក លោកស្រី នាយក នាយករង រដ្ឋបាលខណ្ឌមានជ័យ ប្រធានអនុប្រធានការិយាល័យជុំវិញខណ្ឌ ទាំង១១ លោក លោកស្រី ចៅសង្កាត់ទាំង៧ រួមទាំងប្រជាពលរដ្ឋចំនួន ៣៧០នាក់ ផងដែរ

នាឱកាសនោះដែរ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញមានប្រសាសន៍ថា ការដោះស្រាយបញ្ហាប្រឈមប្រកបដោយតម្លាភាព ការពន្លឿន និង ការបង្ខិត សេវាសាធារណៈ ទៅដល់ប្រជាពលរដ្ឋ គឺជាគោលដៅមួយរបស់រដ្ឋាភិបាលកម្ពុជា ដោយបានបង្កើតប្រព័ន្ធអភិបាលកិច្ចថ្មី ដើម្បីធ្វើយ៉ាងណាអោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកាន់តែងាយស្រួលក្នុងការមកទទួលយកនូវសេវាសាធារណៈពីមន្រ្តី ប្រកបដោយភាពរាក់ទាក់ ច្បាស់លាស់តម្លាភាព និង គ្មានការរើសអើង។ ចំពោះអាជ្ញាធរមូលដ្ឋានត្រូវតែនៅជាប់ជាមួយនិងប្រជាពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ តម្រូវការរបស់ប្រជាពលរដ្ឋទើបមូលដ្ឋានរបស់ខ្លួនមានការរីកចម្រើននិងឆ្លើយតបចំពោះតម្រូវការរបស់ពួកគាត់។

ក្នុងឱកាសនេះដែរ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានសម្តែងនូវការកោតសរសើរដល់មន្រ្តីជំនាញគ្រប់អង្គភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលកន្លងមកនេះ បានយកចិត្តទុកដាក់ក្នុងការបំពេញតាមតួនាទី និង ភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ធ្វើអោយរាជធានីភ្នំពេញ កាន់តែទទួលបានការរីកចំរើនជាបន្តបន្ទាប់។ លោក នួន ផារ័ត្ន បានបន្តថា វេទិកានាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់បំផុត និងជាកញ្ចក់ឆ្លុះបញ្ចាំង អំពីសកម្មភាព នៃការអនុវត្តរបស់មន្រ្តីរាជការ មន្រ្តីជំនាញទាំងភាពវិជ្ជមាន និងអវិជ្ជមាន ដើម្បីកែលម្អរាល់បញ្ហាអសកម្មដើម្បីអោយក្នុងមូលដ្ឋាននានាកាន់តែមានការអភិវឌ្ឍន៍។

យ៉ាងណាមិញ លោក នួន ផារ័ត្ន បានជម្រុញឲ្យមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់មូលដ្ឋានត្រូវសហការគ្នាឲ្យបានជិតស្និតចូលរួមដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងការផ្តល់សេវាសាធារណៈប្រកដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ទន្ទឹមនឹងនេះ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សរាជធានីភ្នំពេញប្រជាពលរដ្ឋ ៦០នាក់ ក្នុងចំណោម ៣៧០នាក់ បានលើកឡើងនូវសំណើសំណូមពរ ក្នុងនោះសំនួរដោយផ្ទាល់មាត់មានចំនួន ១១នាក់ ស្មើនិង ១២បញ្ហា  និងលាយលក្ខណ៍អក្សរចំនួន ៤៩នាក់ ក្នុងការចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ នៅខណ្ឌមានជ័យ នាព្រឹកនេះ សរបញ្ជាក់ឲ្យឃើញថា ប្រព័ន្ធគណនេយ្យភាពក្នុងរបបប្រជាធិបតេយ្យ ត្រូវបានយកចិត្តទុកដាក់ពង្រឹងឥតឈប់ឈរនៅថ្នាក់ក្រោមជាតិ ក៏ដូចថ្នាក់ជាតិ

ជាចុងក្រោយ លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានផ្តាំផ្ញើឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានសភាពការណ៍ជាប្រចាំ ដើម្បីរាយការណ៍ និងឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះហេតុការណ៍ផ្សេងៗ ព្រមទាំងបន្ដផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាអាណាព្យាបាល ជាពិសេសចាស់ជរា និងកុមារតូចៗដែលជាជនងាយរងគ្រោះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះហានិភ័យនៃគ្រោះមហន្តរាយជំនន់ទឹកភ្លៀងថ្មីៗនេះ បានរងផលប៉ះពាល់យ៉ាងខ្លាំងនៅរាជធានីភ្នំពេញយើង ជាពិសេសខណ្ឌដង្កោ

លោក បន្តថា ត្រូវបន្តផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តចូលរួមប្រុងប្រយ័ត្នខ្ពស់បន្តទៀត និងធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវនិងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺCOVID-១៩ កុំឲ្យកើតក្នុងគ្រួសារ និង នៅក្នុងសហគមន៍របស់យើង។ជាពិសេសអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាព ជូនប្រជាពលរដ្ឋឲ្យបានល្អក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន៕ដោយ៖ស តារា


ចែករំលែក៖