ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងាររយៈពេល៩ខែ និងលើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោកព្រះរាជអាជ្ញា ប្រធានសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក កងកម្លាំងទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
បន្ទាប់ពីរបាយការណ៍របស់សង្ខេបស្តីពីលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០២០ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដោយលោក ឃន ប្រុស នាយករដ្ឋបាល និងរបាយការណ៍ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់ រយៈពេល៩ខែឆ្នាំ២០២០ ដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត រួមជាមួយបទអន្តរាគមន៍របស់មន្ទីរពាក់ព័ន្ធ លោកអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះ ការខិតខំប្រឹងប្រែង របស់លោក លោកស្រី ជាថ្នាក់ដឹកនាំដឹកនាំមន្ទីរ អង្គភាព និងជាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារ សម្រេចបានលទ្ធផលជាបន្តបន្ទាប់ ទាំងវិស័យសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ រក្សាបាននូវស្ថេរភាពនយោបាយ ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាមួយចំនួន ជាពិសេស អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរវិស័យទាំងអស់ បានសហការគ្នាល្អ ក្នុងការដោះស្រាយទុក្ខកង្វល់ របស់ប្រជាពលរដ្ឋយើង ពាក់ព័ន្ធទៅនឹងបញ្ហាជំនន់ទឹកភ្លៀង ដែលបានធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងប៉ះពាល់ដល់ការងារបង្កបង្កើនផល របស់ប្រជាពលរដ្ឋ នៅក្នុងរយៈពេលប៉ុន្មានខែ កន្លងទៅនេះ។
ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្ត បានណែនាំដល់មន្ទីរ អង្គភាព ពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុក បន្តការតាមដានអំពីស្ថានភាពអាកាសធាតុ និងត្រៀមលក្ខណៈរៀបចំស្បៀង និងសម្ភារៈ សម្រាប់ត្រៀមលក្ខណៈឆ្លើយតប និងអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ ជាពិសេស ការចុះពិនិត្យវាយតម្លៃផលប៉ះពាល់ និងរៀបចំការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលរងការខូចខាត ក្នុងអំឡុងពេលជំនន់ទឹកភ្លៀង ដើម្បីស្ដារឡើងវិញ។
លោកក៏បានលើកឡើង នូវអនុសាសន៍ ដ៏មានអត្ថន័យ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លើកឡើងថា ៖ «សភាពការណ៍មិនធម្មតា យើងចាំបាច់ ត្រូវមានវិធានការមិនធម្មតា» ដែលជាអនុសាសន៍ បានជម្រុញដល់ការអនុវត្តមុខងារ និងទទួលខុសត្រូវ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ តាមរយៈ អនុសាសន៍ណែនាំនេះ និងផ្អែកលើស្ថានភាពអាកាសធាតុ ក៏ដូចជាសភាពការណ៍ នាពេលបច្ចុប្បន្ន ក្នុងនាម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការណែនាំ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ ត្រូវបន្តការតាមដានអំពីស្ថានភាពអាកាសធាតុ និងសហការជាមួយមន្ទីរព័ត៌មានខេត្ត និងរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ជូនដំណឹងដល់ប្រជាពលរដ្ឋ ឲ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុ។ បន្តសហការក្នុងការអប់រំផ្សព្វផ្សាយ អំពីវិធានការកាត់បន្ថយជាអតិបរិមា នូវផលប៉ះពាល់សុខភាព អាយុជីវិត មុនពេល អំឡុងពេល និងក្រោយពេលគ្រោះមហន្តរាយ។ មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវសហការជាមួយរដ្ឋបាលក្រុង-ស្រុក ចុះពិនិត្យ តាមដានស្ថានភាព និងផលប៉ះពាល់តាមវិស័យរបស់ខ្លួន ដើម្បីរកវិធានការដោះស្រាយបានទាន់ពេលវេលា ជៀសវាងបានផលប៉ះពាល់ធ្ងន់ធរដល់អាយុជីវិត និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅតាមមូលដ្ឋាន។
ក្រៅពីនោះ បន្ទាប់ពីជំនន់ទឹកភ្លៀងបានបញ្ចាប់ មន្ទីរ អង្គភាពជំនាញ ត្រូវសហការជាមួយរដ្ឋបាលក្រុង-ស្រុក ចុះពិនិត្យវាយតម្លៃផលប៉ះពាល់ និងរៀបចំការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាត ។ ដោយឡែក ការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនវិញ លោកណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តការតាមដាន និងក្តាប់ជាប់នូវមុខសញ្ញា ប្រើប្រាស់នឹងមុខសញ្ញាជួញដូរឲ្យជាប់ ដើម្បីជាមូលដ្ឋានក្នុងការបង្ក្រាបបានទាន់ពេលវេលា។ តាមបាយការណ៍ ស្តីពីសន្តិសុខ សណ្តាប់ធ្នាប់ រយៈពេល ៩ខែ ឆ្នាំ២០២០ បទល្មើសព្រហ្មទណ្ឌ ចំនួន ៣៥/៤៧លើក (ធៀបឆ្នាំ២០១៩ ថយថុះ ១២លើក)។ បង្ក្រាបបានចំនួន ៣៤ករណី ឃាត់ខ្លួន ៥៨នាក់ (ធៀបឆ្នាំ២០១៩ ថយចុះ ១០ករណី)។ គ្រោះថ្នាក់ ចរាចរកើតឡើង ចំនួន ១៣៤លើក ស្លាប់មនុស្ស ៧១នាក់ របួស ១៩១នាក់ និងគ្រោះថ្នាក់ផ្សេងៗ កើតទ្បើង ២៧៤លើក៕
ដោយ៖ សិលា