ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីការបរទេស Pompeo ៖ អាមេរិកនិងឥណ្ឌាចាំបាច់ត្រូវតែសហការគ្នា​ទប់ទល់ចិន

ចែករំលែក៖

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានបញ្ជាក់ថា អាមេរិកនិងឥណ្ឌាចាំបាច់ត្រូវតែធ្វើការជាមួយគ្នាដើម្បីទប់ទល់ការគំរាមកំហែងពីប្រទេសជិតខាង​ គឺប្រទេចិន។
រដ្ឋមន្ត្រីការបរទេសអាមេរិកPompeo រួមជាមួយរដ្ឋមន្ត្រីការពារជាតិលោក Mark Esperបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាដើម្បីពិភាក្សា ស្តីពីយុទ្ធសាស្ត្រការពារជាតិ និងការប្រឈមមុខតានតឹងក្នុងតំបន់ ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលទាហានឥណ្ឌានិងចិន​បានប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែនជើងភ្នំហេមពាន (Himalaya)។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអាមេរិក​បញ្ចាក់ទៅកាន់សមភាគីឥណ្ឌាថា​«ថ្ងៃនេះគឺជាឱកាសដ៏ល្អបំផុត​សម្រាប់ ប្រទេសប្រជាធិបតេយ្យទាំងពីរ អាមេរិក-ឥណ្ឌា​កាន់តែជិតស្និទ្ធ»។
រដ្ឋមន្ត្រីការបរទេសអាមេរិក​បញ្ជាក់ទៀតថា​« នៅមានកិច្ចការជាច្រើនផ្សេងទៀត​ដែលត្រូវធ្វើ យើងមានរឿងរ៉ាវជាច្រើនត្រូវពិភាក្សាគ្នា​នាថ្ងៃនេះ​ ។ កិច្ចសហប្រតិបត្តិការរបស់យើង ​ក្នុងពេលដែលកូវីដ​-១៩ ឆ្លងចេញពីទីក្រុងវូហាន និងការគំរាមកំហែងដល់សន្តិសុខ​​ ស្ថិរភាពនៅក្នុងតំបន់​»។
បច្ចុប្បន្នអាមេរិកកំពុងរងផលប៉ះពាល់ខ្លាំងដោយសារតែកូវីដ​-១៩​​​ ហើយរដ្ឋាភិបាលអាមេរិកទទួលរងការរិះគន់យ៉ាងខ្លាំងដែលមិនអាចទប់ស្កាត់ការឆ្លងកូវីដ​-១៩បាន។ រដ្ឋាភិបាលរបស់លោកត្រាំ តែងតែទម្លាក់កំហុសទៅលើចិនដែលបានលាក់បាំង​ការឆ្លងកូវីដ​-១៩ ទើបមានការឆ្លងរាលដាលខ្ពស់។
នៅថ្ងៃទី ២៧ខែតុលានេះ អាមេរិក និងឥណ្ឌា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធា ដោយអនុញ្ញាតឲ្យឥណ្ឌា អាចចូល​កាន់ផ្កាយរណបអាមេរិក ដែលអាចតាមដានគោលដៅបានយ៉ាងល្អ​ សម្រាប់មីស៊ីលនាំផ្លូវនិងយន្តហោះគ្មានមនុសុ្សបើក៕

ដោយ៖ធី រីណា


ចែករំលែក៖