ព័ត៌មានទាន់ហេតុការណ៍៖

ចំណេះដឹងទូទៅ៖ អ្នកគួរស្វែងយល់ប្រុងប្រយ័ត្នចំពោះពស់ពិសចំនួន ១២ប្រភេទ និងត្រូវដឹងរបៀបសង្គ្រោះបឋម ខណៈមានទឹកជំនន់

ចែករំលែក៖

ភ្នំពេញ៖ ជាទូទៅនៅពេលដែលមានទឹកជំនន់ ភាគច្រើនប្រជាពលរដ្ឋយើងតែងតែរងគ្រោះថ្នាក់ដោយសារសត្វពស់ចឹកហើយជាពិសេសអ្នកដែលរស់នៅតំបន់ស្រែចម្ការ បានជួបប្រទះជារឿយៗ។ ដូច្នេះតើលោកអ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វពស់ពិសចំនួន ១២ប្រភេទនិងត្រូវដឹងរបៀបសង្គ្រោះបឋម បើទោះបីជាលើកដំបូងត្រូវពស់ខាំរបួសតូចក៏ពិតមែន ប៉ុន្តែក្នុងករណីខ្លះវាអាចបណ្ដាលជាជំងឺធ្ងន់ធ្ងរភ្លាមនិងអាចបណ្ដាលឲ្យស្លាប់ក៏មានប្រសិនបើមិនមានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។

តោះ! អ្នកទាំងអស់គ្នាគួរតែស្វែងយល់ និងរបៀបជួយសង្គ្រោះបឋម ហើយបើចង់ដឹងច្បាស់ចូលអានព័ត៍មានលំអិតរបស់ខាងមន្ទីរពេទ្យកាលម៉ែតបាន​​បង្ហាញពីប្រភេទពស់ពិស និងរបៀបជួយសង្គ្រោះបឋម នៅពេលមានសត្វពស់ចឹកដូចខាងក្រោម៖

ប្រភេទពស់ពិស

ក្នុងចំណោមពស់ប្រមាណជិត ៦០ ប្រភេទដែលគេស្គាល់ក្នុងប្រទេសកម្ពុជាក្រុមអ្នកជំនាញខាងសត្វពស់បានសម្គាល់ឃើញថា មានពស់ពិស ១២ប្រភេទ ជាមូលហេតុបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ក្នុងនោះពស់ ប្រភេទបង្កគ្រោះថ្នាក់ញឹកញាប់ ដោយសារវារស់នៅជិតភូមិឋានយើងមាន៖

-ពស់វែកក្របី

-ពស់វែកដំបូក

-ពស់ហនុមាន

-ពស់ក្រាយ ថ្នាំងអំពៅខ្មៅ

-ពស់បៃតង ប្រភេទទៀត

មាន ប្រភេទទៀតវាច្រើនរស់នៅក្នុងព្រៃឆ្ងាយពីភូមិ៖

-ពស់វែករនាម

-ពស់ពព្លាក់

-ពស់ស្រកាចាស

-ពស់ក្រាយ លឿងខ្មៅ

-ពស់ក្រាយក្បាលក្រហមពស់ទី ១២ គឺពស់សមុទ្រ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកនេសាទសមុទ្រ។

ថ្នាំបន្សាបពិស

ថ្នាំបន្សាបពិសពស់ជាថ្នាំដែលធ្វើចេញពីឈាមសត្វសេះ។ ប្រសិនបើប្រើត្រឹមត្រូវវាមានប្រសិទ្ធភាពណាស់ អាចជួយជីវិតមនុស្សបានច្រើន ក៏ប៉ុន្តែវាជាថ្នាំដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដែរ ជាពិសេសគឺប្រតិកម្មជាមួយសារធាតុដែលកើតមានក្នុងឈាមសត្វសេះ។ បើគ្មានមធ្យោបាយជួយសង្គ្រោះត្រឹមត្រូវទេ ប្រតិកម្មនេះក៏អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។

ការធ្វើរោគវិនិច្ឆ័យ

ថ្វីបើក្រោយពេលមានសត្វខាំ ស្នាមចង្កូម ភាគច្រើនជាសញ្ញានៃពស់មានពិស គ្រូពេទ្យមិនអាចវិនិច្ឆ័យប្រភេទពស់បានភ្លាមទេ គឺត្រូវការពិនិត្យតាមដានរោគសញ្ញាមួយចំនួនមុននឹងសម្រេចប្រើថ្នាំបន្សាបពិស។ ដោយហេតុនេះ គ្រូពេទ្យតែងចង់ដឹងថា៖

តើសត្វខាំនោះជាពស់ មិនមែនពស់?

បើជាពស់ តើពស់មានពិស ពស់គ្មានពិស?

បើជាពស់មានពិស តើការខាំនោះមានបញ្ចូលពិសវាទៅក្នុងខ្លួនអ្នករងគ្រោះទេ?

រោគសញ្ញា និងការព្យាបាល

ជាការពិតថ្នាំបន្សាបពិសពស់មានប្រសិទ្ធភាពតែក្នុងករណីមានពិសពស់ចូលក្នុងខ្លួនមនុស្ស ហើយពិសនោះនៅមានសកម្មភាព មានសញ្ញា អាការៈមួយចំនួនដែលគ្រូពេទ្យតាមដានស្វែងរក ហើយវត្តមានរបស់វាតម្រូវឲ្យ​​ប្រើថ្នាំបន្សាបពិសភ្លាម ទោះដឹងថាវាអាចមានប្រតិកម្មកើតឡើងក្ដី។ សញ្ញាទាំងនោះមានដូចជា៖

ធ្លាក់ត្របកភ្នែកដូចងងុយដេករឹងមុខមាត់ពិបាកនិយាយស្ដីទន់កជើងដៃចេះតែកន្ទ្រាក់តិច ពិបាកដកដង្ហើមជាសញ្ញាចុងក្រោយ ដែលត្រូវព្យាបាលជាបន្ទាន់សញ្ញាផ្សេងទៀតដែលត្រូវប្រើថ្នាំជាបន្ទាន់ដែរមាន៖ កន្លែងដែលពស់ខាំ រាលដាល (ឡើងហើម ក្រហម ) លឿន

មានចេញពងទឹកដូចរលាកភ្លើង

មានចេញស្នាមជាំលើខ្លួន

ដំបៅហូរឈាមមិនឈប់

ឡេះឡះ និងគ្មានទឹកនោមជាដើម សញ្ញាខាងលើនេះសុទ្ធតែជាសញ្ញានៃអាការៈ ដែលធ្ងន់ធ្ងរអាចគ្រោះថ្នាក់ដល់ជីវិត ក៏ប៉ុន្តែថ្នាំបន្សាបពិសប្រើទាន់ពេលវេលាអាចជួយជីវិតបាន។

ចំណុចមួយទៀតដែលជួយជីវិត គឺវិធីដែលអាចពន្យារពេលកុំឲ្យពិសចូលទៅក្នុងប្រព័ន្ធឈាមរត់លឿនពេក មានន័យថាក្រោយពស់ខាំភ្លាមគប្បីទប់អបអវយវៈដែលរងការខាំនោះកុំឲ្យសាច់ដុំកន្ត្រាក់ខ្លាំង។ ឧទាហរណ៍៖ ប្រសិនបើជើងត្រូវពស់ខាំ ការខំប្រឹងរត់ ដើរនឹងនាំឲ្យពិសកាន់តែឆាប់ចូលដល់ប្រព័ន្ធឈាមរត់ នឹងឆាប់ចេញរោគសញ្ញានៃពិស។ ក្នុងករណីនេះគប្បីរកអ្នកជួយគ្រាសែងទៅរកកន្លែងសង្គ្រោះ មន្ទីរពេទ្យ។

ចំពោះវិធីមួយចំនួនដែលធ្លាប់អនុវត្តពីមុនមក ភាគច្រើនឲ្យគុណវិបត្តិជាងឲ្យផលប្រយោជន៍ដូចជា៖

ការចងរឹតពីខាងលើរបួស ភាគច្រើនបណ្ដាលឲ្យផ្នែកខាងក្រោមចំណងខ្វះឈាមទៅចិញ្ចឹម និងត្រូវស្លាប់ ដែលជារឿយតម្រូវឲ្យកាត់ចោល ដើម្បីសង្គ្រោះជីវិត។

ការវះបើកមុខកន្លែងស្នាមខាំក្នុងបំណងឲ្យពិសហូរចេញវិញ ជួនកាលបណ្ដាលឲ្យហូរឈាមមិនឈប់ និងបាត់បង់ឈាមជាច្រើន រហូតដល់សភាពស្ហុក។

ការបឺតជញ្ជក់កន្លែងខាំក៏មិនអាចបឺតយកពិសចេញបានដែរ។

កន្លែងមានរបួសជាទីដែលប្រព័ន្ធការពារលើស្បែកយើងត្រូវមានចន្លោះប្រហោងអាចឲ្យមេរោគផ្សេងចូលបានយ៉ាងងាយ ដូចនេះការដាក់បំពោកនូវវត្ថុផ្សេង ថ្នាំដែលមិនស្អាតអាចបន្ថែមមេរោគនឹងធ្វើឲ្យដំបៅក្លាយ។

ចំណុចគួរចងចាំ និងអនុវត្ត

ថ្នាំប្រឆាំងពិសពស់ជាឱសថដ៏សំខាន់ តែវាអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរបានដែរ។

ថ្នាំពិសពស់ ដបអាចប្រើសម្រាប់បន្សាបពិសក្រុមពស់ណា ដែលកបនឹងថ្នាំនោះ មិនមែនពស់គ្រប់ប្រភេទទេ។

ថ្នាំពិសពស់មានផលប្រយោជន៍ និងប្រសិទ្ធិភាពតែកាលណាមានពិសពស់ក្នុងខ្លួនជនរងគ្រោះ ជាពិសេសក្នុងរបត់ឈាម។

គ្រប់ករណីពស់ចឹក សង្ស័យថាពស់ចឹកមិនសុទ្ធតែចាំបាច់ត្រូវចាក់ថ្នាំបន្សាបពិសទេ។

បើមានពស់ខាំ មុនមកដល់មន្ទីរពេទ្យ គប្បីទប់អបអវយវៈដែលរងរបួសនោះកុំឲ្យវាមានចលនាខ្លាំង។ មិនត្រូវចងរឹតតឹងពីខាងលើ វះបង្ហូរឈាម បឺតឈាមទេ ព្រោះវានាំឲ្យខាតពេល និងអាចមានគ្រោះថ្នាក់។

ប្រសិនបើប្រាកដជាពស់ខាំ ត្រូវប្រញាប់មកមន្ទីរពេទ្យដែលមាន ហើយអាចប្រើថ្នាំបន្សាបពិសដោយសុវត្ថិភាពបាន។

ក្នុងករណីមានសញ្ញាពិសក្នុងខ្លួនជនរងគ្រោះ ក្រុមគ្រូពេទ្យនឹងវិនិច្ឆ័យប្រភេទក្រុមពស់ដែលបង្កហេតុ ដើម្បីត្រូវប្រើថ្នាំបន្សាបឲ្យត្រូវនឹងក្រុមពស់។ ក្រោយកំណត់បានហើយក្រុមគ្រូពេទ្យ នឹងរៀបចំត្រៀមមធ្យោបាយសម្រាប់ព្យាបាលករណីមានប្រតិកម្មជាយថាហេតុ និងប្រើប្រាស់ថ្នាំបន្សាបពិស ដោយចាក់តាមសរសៃវ៉ែនផ្ទាល់ លាយជាមួយសេរ៉ូម។

ជួនកាលគ្រូពេទ្យត្រូវប្រើប្រាស់មធ្យោបាយផ្សេងទៀតដូចជា ម៉ាស៊ីនដកដង្ហើមអុកស៊ីហ្សែន ថ្នាំជំនួយបេះដូង ការប្រើផលិតផលឈាមការបង្គ្រប់ជាតិទឹក ជាដើមរួមផ្សំជាមួយ រហូតដល់ថ្នាំព្យាបាលពិសមានប្រសិទ្ធិភាព និងដើម្បីជួយជីវិតបាន។

ក្នុងករណីមានសំណួរ មន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ព្យាបាលជូនទេ៕

ប្រភពពី៖ Hello Krupet


ចែករំលែក៖