សារព័ត៌មាន AFP បានផ្សាយថា អាមេរិកបានប្រកាសថា កាលពីថ្ងៃទី២៩ខែតុលា បានលក់ប្រេងដែលរឹបអូសពីអុីរ៉ង់ឲ្យទៅអតិថិជន ប៉ុន្តែមិនបង្ហាញថាអតិថិជនណាឡើយដែលទិញប្រេងនោះ ។
កាលពីខែសីហា ទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា បានរឹងអូសប្រេងពីអុីរ៉ង់១,១លានបារ៉ែលពីនាវាដឹកប្រេង៤គ្រឿងសំដៅទៅកាន់វេណេហ្ស៊ុយអេឡា បំពានច្បាប់ហាមប្រាមរបស់អាមេរិក។
លោក Michael Sherwin មន្ត្រីត្រួតពិនិត្យក្នុងទីក្រុង Washington បានឲ្យដឹងថា«តាមការប៉ាន់ស្មានថានឹងទទួលបានប្រាក់៤០លានដុល្លារពីការលក់ប្រេងនៅលើនាវាចំនួន៤គ្រឿង ដែលបានរឹបអូស»។លោកបន្តទៀតថា ប្រាក់ទាំងនោះនឹងផ្តល់ជូនពលរដ្ឋរងគ្រោះដោយការវាយប្រហារភេរវកម្ម។
កន្លងមកតុលាការអាមេរិកបានស្នើឲ្យអុីរ៉ង់ទូទាត់ប្រាក់៨៧៩,១លានដុល្លារពីការវាយប្រហារភេរវកម្ម នៅអារ៉ាប៊ីសាអ៊ូឌិីតដែលបានសម្លាប់ទាហានអាមេរិក១៩នាក់។ អុីរ៉ង់បានច្រានចោលការទទួលខុសត្រូវក៏ដូចជាសងសំណងដល់អាមេរិក។ ផ្ទុយទៅវិញ អុីរ៉ង់បានស្នើអាមេរិក សងសំណងដែលជួយដល់លោកសាដាម ហ៊ូសេនក្នុងសង្គ្រាមអុីរ៉ាក់ និងអុីរ៉ង់៕ ធី រីណា