ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយព្រះរាជពិធីបុណ្យអុំទូករួច កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះបាញ់ទឹកលាងសម្អាតតាមមាត់ទន្លេ និងសួនច្បារ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយព្រះរាជពិធីបុណ្យអុំទូកបានបញ្ចប់ក្នុងរយៈពេល៣ថ្ងៃ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញបានដឹកនាំកម្លាំងចម្រុះបែងចែកតាមគោលដៅ ជាពិសេសប្រមូលសំរាមដែលសេសសល់ និងចុះបាញ់ទឹកលាងសម្អាតតាមមាត់ទន្លេ និងសួនច្បារ ក្នុងមូលដ្ឋាន ដើម្បីឱ្យមានសោភ័ណភាព សន្តិសុខសណ្ដាប់ធ្នាប់ បន្ថែមទៀត។

ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចតាមដងទន្លេចតុមុខ និងសួនច្បារនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ។

គួររំឭកផងដែរថាកាលពីថ្ងៃទី៣០ ទី៣១ ខែតុលា និងថ្ងៃទី០១ ខែវិច្ឆិកា កន្លងមកនេះក្នុងរយៈពេល ៣ ថ្ងៃនាថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូកបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសមួយចំនួនបានធ្វើដំណើរកំសាន្តទៅលេងតាមបណ្តាខេត្ត និងរមណីយដ្ឋាននានាក៏ដូចជាជួបជុំមកផងគ្រួសារបងប្អូនប្រជាពលរដ្ឋមួយចំនួនក៏នៅទីក្រុងភ្នំពេញបានចេញដំណើរទៅតាមបណ្ដាខេត្តនៅពួកគាត់បានធ្វើដំណើរកម្សាន្តក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកនៅតំបន់កោះពេជ្រមុខព្រះបរមរាជវាំងសួនច្បារវត្តបទុមវត្តីហើយនៅយប់ថ្ងៃចុងក្រោយនៅក្នុងមូលដ្ឋានខណ្ឌដូនពេញក៏មានការកកស្ទះនៅណាន់តាន់តាប់ផងដែរដោយមានបងប្អូនប្រជាពលរដ្ឋទាំងភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្តប្រមាណជាង៨០ទៅ៩០ភាគរយបើប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូកកាលពីឆ្នាំ២០១៩។

ជាចុងក្រោយលោកអភិបាលខណ្ឌក៏បានលើកឡើងថាប្រជាពលរដ្ឋខ្មែរនា ពេលបច្ចុប្បន្នមានការយល់ដឹងច្រើនពីបញ្ហាសំរាម និង មានការវេចខ្ចប់សំរាមរបស់ខ្លួនដែលសេសសល់ក្នុងនោះលោកឃើញថាសំរាមជាច្រើនត្រូវបានវេចខ្ចប់ជាកញ្ចប់
ទៅតាមទីតាំងកំណត់ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រមូល ហើយនៅសេសសល់បន្តិចបន្តួច នៅព្រឹកមិញនេះ រួមជាមួយនឹងខ្យល់បក់ ធ្វើអោយសំរាមមានការ រាយប៉ាយ នោះលោកក៏បានបញ្ចេញកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានរៀបចំប្រមូលសំរាមដាក់មួយដុំរួចរាល់នឹងរង់ចាំក្រុមហ៊ុនស៊ីនទ្រីធ្វើការប្រមូល។

ជាគោលការណ៍បន្ទាប់ អភិបាលខណ្ឌដូនពេញ បានបញ្ចេញកម្លាំងសហការជាមួយ កម្លាំងសណ្ដាប់សាលារាជធានីភ្នំពេញ ដើម្បីធ្វើការបាញ់លាងសម្អាតកុំអោយមានក្លិនស្អុយ និង ប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋដែលមកកំសាន្តនៅតាមសួនច្បារផងដែរ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖