ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យបាន២នាក់ក្រោយធ្វើសកម្មភាពឆក់យកកាបូបនារីម្នាក់ហើយដកកាំភ្លើងបាញ់រំដោះខ្លួន ខណៈប្រជាពលរដ្ឋប្រតាយប្រតប់ជាមួយហើយជ្រុះកាំភ្លើងខ្លី

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌបឹងកេងកងបានចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតបានកាំភ្លើងខ្លី១ដើម ក្រោយពេលពួកគេធ្វើសកម្មភាពឆក់យកកាបូប និងទូរស័ព្ទពីនារីម្នាក់កំពុងអង្គុយចុចទូរស័ព្ទនៅកន្លែងលក់បបរ ហើយរត់ឡើងម៉ូតូមិនទាន់ ត្រូវបានម្ចាស់របស់ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋយកកៅអីគប់ និងទាញទម្លាក់ពីលើម៉ូតូប្រតាយប្រតប់គ្នាធ្វើឲ្យជនសង្ស័យជ្រុះកាំភ្លើងខ្លីពីចង្កេះ ហើយត្រូវប្រជាពលរដ្ឋជួយនាំគ្នាចាប់រហូតផ្អើលដល់កម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌបឹងកេងកងចេញជួយធ្វើអន្តរាគមន៍ចាប់វាយខ្នោះបានទាំង២នាក់តែម្ដង ។

ហេតុការណ៍នេះបានកើតឡើងនៅកន្លែងលក់បបរមួយកន្លែងស្ថិតនៅតាមផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោងជាង៤ទៀបភ្លឺ ឈានចូលថ្ងៃចន្ទទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

នារីរងគ្រោះមានឈ្មោះ លី ណា អាយុ៣៥ឆ្នាំ បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានអង្គុយញ៉ាំបបរនៅកន្លែងកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Let’s ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HX-3685 បានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយ និងទូរស័ព្ទ១គ្រឿងដែលរូបគាត់កំពុងតែអង្គុយចុចលេងនៅកន្លែងលក់បបរកើតហេតុខាងលើ។ ពេលនោះរូបគាត់ក៏បានស្រែកឆោឡោហើយត្រូវបានប្រជាពលរដ្ធនៅជិតនោះនាំគ្នាស្ទុះទៅប្រតាយប្រតប់ទាញយកទូរស័ព្ទបានមកវិញ ហើយក៏បានទាញទម្លាក់ពីលើម៉ូតូ ។ពេលនោះជនសង្ស័យបានស្រែកប្រាប់បក្ខពួកដែលជាអ្នកបើកម៉ូតូឱ្យដកកាំភ្លើងខ្លីបាញ់ តែមិនទាន់បានដកចេញមកផង ក៏ត្រូវប្រជាពលរដ្ឋនាំគ្នាទាញកៅអីគប់ទម្លាក់ពីលើម៉ូតូតែម្ដង រួចហើយបានវាយតប់គ្នាធ្វើឲ្យជនសង្ស័យជាអ្នកបើកម៉ូតូនោះជ្រុះកាំភ្លើងខ្លីម៉ាកK59ពីចង្កេះត្រូវប្រជាពលរដ្ឋជួយនាំគ្នាចាប់ផង ស្វាគមន៍ម្នាក់មួយដៃមួយជើងផង រហូតផ្អើលដល់កម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌបឹងកេងកងចេញជួយធ្វើអន្តរាគមន៍ ចាប់វាយខ្នោះបានទាំង២នាក់បញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌបឹងកេងកង ដើម្បីសាកសួរ និងបានធ្វើការដកហូតវត្ថុតាងដូចជា ម៉ូតូដែលជិះធ្វើសកម្មភាពចំនួន១គ្រឿង ម៉ាក Suzuki Let’s ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HX-3685(កឹបស្លាកលេខក្លែងក្លាយ), កាំភ្លើងខ្លីមួយដើមម៉ាកK59 មានគ្រាប់ចំនួន៣គ្រាប់, ទូរស័ព្ទ២គ្រឿង, ដែកចុងស្រួចសម្រាប់កាច់កម៉ូតូចំនួន១ និងឧបករណ៍សាកថ្មទូរស័ព្ទចំនួន១ឈុត និងលុយមួយចំនួនផងដែរ។

ក្រោយពេលសាកសួរតាមវិធានការជំនាញនៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌបឹងកេងកង ជនសង្ស័យបានឆ្លើយសារភាពថា វត្ថុតាងដែលសមត្ថកិច្ចចាប់ដកហូតខាងលើ ពិតជារបស់ពួកគេប្រាកដមែន ។

ក្រោយពេលកើតហេតុ ជនរងគ្រោះនិងសាក្សីក៏បានមកដាក់ពាក្យបណ្ដឹង និងបំភ្លឺហេតុការណ៍នៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌបឹងកេងកងរួចហើយដែរ ។ចំណែកឯជនសង្ស័យទាំង២នាក់កំពុងស្ថិតក្រោមការឃាត់ខ្លួនបណ្ដោះអាសន្ននៅមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ដើម្បីរង់ចាំបញ្ជូនទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់ ៕ដោយ៖ស សម


ចែករំលែក៖