ខេត្តក្រចេះ៖ មនុស្សប្រុសស្រីចំនួន៣នាក់រួមទាំងរថយន្តស៊េរីទំនើបមួយគ្រឿងផងដែរនោះត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តក្រចេះធ្វើការឃាត់ខ្លួនដោយមានការសង្យ័យជាប់ពាក់ព័ន្ធករណីឆបោក រួចហើយបញ្ជូនទៅកាន់សាលាដំបូងខេត្ត។
ការឃាត់ខ្លួននោះសមត្ថកិច្ចបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមមូលដ្ឋានផ្ទាល់។
តាមប្រភពបានឱ្យដឹងថាការឃាត់ខ្លួននេះ គឺជាប់សង្ស័យពាក់ព័ន្ធករណីឆបោកជ្រើសរើសទ័ព និងក្លែងឯកសារសាធារណៈ។
ប្រភពបន្តថា ការចុះឃាត់ខ្លួនមនុស្សទាំងបីនាក់ខាងលើនេះគឺបានធ្វើឡើងតាំងពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០មកម្ល៉េះក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រីសាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ។
ជនសង្ស័យទាំង៣នាក់ដែលត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមាន៖
ទី១-ឈ្មោះ ពៅ សុធារី ហៅ ហ៊ាង កុសល ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិបាយសំណុំ ឃុំកោះខ្ញែ ស្រុកសំបូរ ខេត្តក្រចេះ។
ទី២-ឈ្មោះ តែ ឆណៃ ហៅ ម៉ី ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកែរូប ផ្តិតរូប រស់នៅភូមិផ្សារវែង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។
ទី៣-ឈ្មោះ ហ៊ុន មេសា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិអូរឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ប្រភពបន្តទៀតថា ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការករណីឆបោកជ្រើសរើសទ័ពដោយខុសច្បាប់ និងក្លែងឯកសារសាធារណៈដែលប្រព្រិឹត្តធ្វើឡើងចន្លោះខែមេសាដល់ខែតុលាឆ្នាំ២០២០ ក្នុងភូមិសាស្រ្តខេត្តក្រចេះ។
យោងតាមពាក្យបណ្ដឹងគិតមកត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ជនរងគ្រោះចំនួន២០នាក់ដែលមានបញ្ជីឈ្មោះហើយបានសម្រេចដាក់ពាក្យបណ្ដឹងឈ្មោះពៅសុធារីនិងអ្នកពាក់ព័ន្ធ ហើយជនរងរងគ្រោះទាំងនោះសុទ្ធតែជួបហេតុការណ៍ស្រដៀងៗគ្នាដែលត្រូវបានគេឆបោកយកប្រាក់។
សូមបញ្ជាក់ថា ឈ្មោះ ពៅ សុធារី ហៅហ៊ាង កុសលនោះធ្លាប់ធ្វើយោធានៅកងពលលេខ១២៨ ខេត្តស្ទឹងត្រែងដោយបម្រើការងារជាយោធាបានរយៈពេល១ឆ្នាំក៏បានបោះបង់ចោលជួរកងទ័ពមករស់នៅស្រុកកំណើតក្នុងស្រុកសំបូរ ខេត្តក្រចេះ វិញ។
ពេលធ្វើសកម្មភាពឆបោកនោះឈ្មោះ ពៅ សុធារី ហៅហ៊ាង កុសលនោះ បានបន្លំខ្លួនធ្វើជាយោធាពាក់ស័ក្តិបី(អនុសេនីយ៍ឯក) ប្រើប្រាស់រថយន្ដម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BK-6899 ដើរចលនាប្រជាពលរដ្ឋថា ខ្លួនជ្រើសរើសកងទ័ពបំពេញការងារនៅតំបន់សឹករងខេត្តក្រចេះ ដោយតម្រូវឱ្យប្រជាពលរដ្ឋបង់លុយក្នុងម្នាក់ចំនួន៤.០០០ដុល្លារអាមេរិកជាថ្លៃរត់ការ។
ក្រោយមកប្រជាពលរដ្ឋចំនួន១៦នាក់ ដែលមានឈ្មោះក្នុងពាក្យបណ្ដឹងធ្លាប់បានប្រគល់ប្រាក់ឱ្យឈ្មោះ ពៅ សុធារីក្នុងម្នាក់ចាប់ពី១.០០០.០០០ ទៅ៨.០០០.០០០រៀល និងប្រាក់ដុល្លារចាប់ពី២៥០ដុល្លារ ទៅ៤០០ដុល្លារអាមេរិក ហើយបានធ្វើលិខិតប្រគល់និង ទទួលប្រាក់ព្រមទាំងកិច្ចសន្យាជា
លាយលក្ខណ៍អក្សរថែមទៀត។
លើសពីនេះទៀតជនសង្ស័យក៏បានបន្លំធ្វើសេចក្ដីសម្រេចស្ដីពីការតែងតាំងមុខងារយោធិនរបស់អគ្គបញ្ជាការកងទ័ពជើងគោកផងដែរ។
នៅក្នុងសេចក្តីសម្រេចតែងតាំងនោះមានបោះត្រាមូលរបស់អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក និងត្រាឈ្មោះ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថែមទៀតផង។
គេដឹងថា ឯកសារទាំងនោះធ្វើនៅកន្លែងបោះពុម្ពដែលមានស្លាកយីហោលីហួរ លីហេង ស្ថិតនៅរង្វង់មូលព្រាបស ខេត្តក្រចេះ ទើបឈានដល់មានការឃាត់ខ្លួនបានជាបន្តបន្ទាប់បែបនេះ៕ដោយ៖ ជីវ័ន្ត