ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងផ្ទាល់ក្នុងបេសកកម្មចែកម៉ាស់ជូនប្រជាពលរដ្ឋលើកទី៣

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីចេញប្រតិបត្តិការចែកម៉ាស់២ថ្ងៃជាប់គ្នារួចមក នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានទទួលម៉ាស់បន្ថែម ចំនួន២ម៉ឺនសន្លឹកទៀតពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញយកទៅចែកជូនប្រជាពលរដ្ឋជាលើកទី៣ ដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគ កូវីដ-១៩។

មុនពេលយកម៉ាស់ទៅចែកជូនប្រជាពលរដ្ឋ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែឆ្លៀតធ្វើការរំលែកម៉ាស់ ដាក់ចូលថង់ដាច់ដោយឡែកមួយៗ ដើម្បីរក្សាគុណភាពម៉ាស់ឲ្យមានអនាម័យនិងមានសុវត្ថិភាពកាន់តែខ្ពស់។

ដោយបានទទួលការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រតិបត្តិការចែកម៉ាស់លើកទី៣របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញនៅថ្ងៃនេះ គឺជ្រើសរើសយកគោលដៅនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះចែកដោយផ្ទាល់ និងមានការចូលរួមពីអាជ្ញាធរខណ្ឌ-សង្កាត់ ក្នុងខណ្ឌដង្កោ ព្រមទាំងយុវជន ស.ស.យ.ក សង្កាត់ព្រែកកំពឹសផងដែរ។

តាមផ្លូវទៅកាន់គោលដៅចែកម៉ាស់ក្នុងខណ្ឌដង្កោ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងក្រុមការងារក៏បានឈប់ចែកដល់អ្នកដំណើរដែលមិនមានពាក់ម៉ាស់មួយចំនួនជាបន្តបន្ទាប់ និងបានផ្សព្វផ្សាយសារសំឡេងតាមរយៈ ឧគ្ឃោសនសព្ទដែលបំពាក់នៅលើម៉ូតូកង់បី ចំនួន១២គ្រឿង ស្តីពីរបៀបប្រើប្រាស់ម៉ាស់ និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារនិងទប់ស្កាត់ការរីករាលដាលនូវជំងឺឆ្លងកូវីដ-១៩ ដែលសារសំឡេងទាំងនេះ ផ្តួចផ្តើមថតចេញឡើងដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់។

គួរបញ្ជាក់ផងដែរថា ម៉ាស់ក្រណាត់ដែលបានចែកជូននាពេលនេះ អាចបោកទឹកយកមកប្រើប្រាស់បានច្រើនដង ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យបញ្ចេញចំនួន២លានម៉ាស់ពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២០ ដោយប្រគល់ឲ្យក្រសួងសុខាភិបាលនិងសាលារាជធានីភ្នំពេញ ធ្វើការចាត់ចែងចែកជូនឲ្យដល់ប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖