ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូតាមដងផ្លូវ៦០ម៉ែត្រ តែជាអកុសលត្រូវរថយន្តដឹកខ្សាច់ដែលបើកបញ្ច្រាសទិសគ្នាមកបុកពេញទំហឹង និងកិនពីលើបណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមមួយរំពេច រួចរថយន្តបង្កបានបើកគេចបាត់ស្រមោលទៅ។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅលេីដងផ្លូវ៦០ម៉ែត្រចម្ងាយពីច្រមុះជ្រូលក្បាលថ្លល់ប្រមាណ១៥០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តដឹកខ្សាច់មិនចាំស្លាកលេខបើកតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GD 8942 ជិះដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងបញ្ច្រាសទិសគ្នា បណ្ដាលឲ្យដួលរួចរថយន្តកិនចំក្បាលធ្លាយខួរស្លាប់គួរឲ្យន្ធត់ ហើយរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេ ដោយព្យាយាមបើករត់គេចដោយសុវត្ថិភាព។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់ចំណុចកើតហេតុ រួចធ្វើកំណត់ហេតុនិងទាក់ទងរកក្រុមគ្រួសារឲ្យមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះរថយន្តបង្ក សមត្ថកិច្ចជំនាញនិងស្រាវជ្រាវរកនៅពេលក្រោយ ដេីម្បីឱ្យមកទទួលទោសតាមច្បាប់ ៕
ដោយ៖ ភារ៉ា ដង្កោ