ព័ត៌មានទាន់ហេតុការណ៍៖

យុវជន៣នាក់ស្លាប់គួរឱ្យរន្ធត់​ បន្ទាប់ពីរថយន្តដឹកស៊ីម៉ងត៍បុកម៉ូតូហុងដាឌ្រីមនិងកិនអូសរាប់សិបម៉ែត្រនៅផ្លូវ២១៧

ចែករំលែក៖

ភ្នំពេញ ៖​ ពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់​ ខណៈដែលយុវជន៣នាក់មានអ្នកខ្លះធ្លាយខួរ​ ចេញពោះវៀន​ ខ្ទេចដៃ​ ខ្ទេចជេីង​ ស្លាប់ទាំង៣នាក់​ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវរថយន្តដឹកស៊ីម៉ងត៍មកបុកពីក្រោយនិងកិនអូសរាប់សិបម៉ែត្រ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋឃាត់បានតៃកុងរថយន្តបង្កភ្លាមៗ​ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ សមត្ថកិច្ចបានឲ្យដឹងថា​ សពយុវជនរងគ្រោះទាំង៣នាក់រួមមាន​ ៖​ ទី១​-ឈ្មោះ​ នង វស្សា អាយុ១៨ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅសង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិពោធិរាជ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។​ទី២​-ឈ្មោះជូ ចេង​ អាយុ២០ឆ្នាំ​ មុខរបរជាកម្មករសំណង់ស្នាក់នៅភូមិកើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិដាំបឹង ឃុំស្រីងំ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងទី៣​ -ឈ្មោះគន់ សុខឃឿន​ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិដាំបឹង ឃុំស្រីងំ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

​ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញយុវជន៣នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខភ្នំពេញ1GX-8455 បានធ្វើដំណើរតាមផ្លូវលេខ២១៧​ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្ដដឹកសុីម៉ងត៍មួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3D-1148 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន ក៏រេចង្កូតទៅបុកម៉ូតូជនរងគ្រោះពីក្រោយបណ្ដាលឲ្យកិនយុវជនទាំង៣នាក់​ស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកឯកៃកុងរថយន្ដបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជេីងឯក​ ដើម្បីធ្វើការសាកសួរនិងរង់ចាំប្រគល់ឲ្យជំនាញចរាចរណ៍ក្រុងភ្នំពេញ​ ។

​ ក្រោយពេលកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញដើម្បីធ្វើការវាស់វែងរថយន្ដបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមច្បាប់។​ ចំណែកសពជនរងគ្រោះទាំង៣នាក់ក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួច​ ក៏បានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖​ភារ៉ា​ ដង្កោ

 


ចែករំលែក៖