ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តឆក់ស្លាប់ក្បែរមាត់ស្រះខាងត្បូងផ្ទះ ពេលដែលយកម៉ូទ័រទៅបូមទឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរស១នាក់បានស្លាប់បាត់បង់ជីវិត នៅពេលក្រុមគ្រួសារព្យាយាមបញ្ជូនទៅសង្រ្គោះ ខណៈជនរងគ្រោះយកម៉ូទ័រទៅបូមទឹកស្រះខាងត្បូងផ្ទះ ប៉ុន្តែជាអកុសលបានឆ្លងចរន្តអគ្គិសនីឆក់បែបនេះ ។

ករណីគ្រោះថ្នាក់ឆ្លងចរន្តអគ្គិសនីឆក់មនុស្សស្លាប់នេះ បានកើតឡើងនាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរស្រះទឹកខាងត្បូងផ្ទះចម្ងាយប្រមាណជាង២០ម៉ែត្រ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ រឿន ឧត្ដម ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកដដែលបន្តទៀតថា តាមការបំភ្លឺពីក្រុមគ្រួសារសាច់ញាតិ ជនរងគ្រោះ(រឿន ឧត្ដម)បានរាយខ្សែភ្លើងចេញពីផ្ទះឆ្ពោះទៅស្រះទឹក ក្នុងគោលបំណងយកម៉ូទ័របូមទឹកលាងសត្វពាហនៈ(គោ) ប៉ុន្តែខណៈនោះម៉ូទ័រអត់ដំណើរការ ជនរងគ្រោះបានលូកដៃចូលក្នុងដុំភ្លើងម៉ូទ័រ សង្ស័យមិនបានដកឌុយភ្លើងក៏ឆ្លងឆក់ស្លាប់បែបនេះ ។

ប្រភពបញ្ជាក់បន្ថែមទៀតថា ភ្លាមៗនោះក្រុមគ្រួសារមិនអស់ចិត្តព្យាយាមបញ្ជូនទៅសង្រ្គោះ ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យប្រាប់ថាស្លាប់ហើយ ករណីនេះសមត្ថកិច្ចសហការចុះពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ទើបធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖