ព័ត៌មានទាន់ហេតុការណ៍៖

តើបងប្អូនស្គាល់ទេជាងគំនូរជើងចាស់ ដែលគូរស្លាកយីហោតាមរោងកុនធំៗក្នុងស្រុកខ្មែរ ?

ចែករំលែក៖

ភ្នំពេញ​៖ អ្នកដែលមានស្នាដៃដ៏ឆ្នើមដែលបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះច្រើនណាស់ ជាការណ៍ពិតប្រសិនបើយើងងាកត្រឡប់បកក្រោយវិញ​បន្តិច​ ក្នុង​អំឡុង​ទសវត្សរ៍៨០ គ្រានោះប្រទេសកម្ពុជាយើង មិន​ទាន់​មាន​ការ​​ជ្រាប​ចូល​នូវបច្ចេក​វិទ្យា​ជឿន​លឿនដូច​ពេល​បច្ចុប្បន្ននេះ​ទេ​ ហើយគេ​សង្កេត​ឃើញ​ថា ​រាល់​រូប​ភាព​ក៏​ដូច​ជាផ្ទាំង​ផ្សព្វផ្សាយទាំង​អស់​​ដែល​គេ​ប្រើប្រាស់​​ក្នុងការ​​ផ្សព្វផ្សាយខ្សែភាពយន្ត​​ថ្មី​ៗនៅតាមរោងកុននានាជាច្រើនក្នុងរាជធានីភ្នំពេញភាគច្រើនគឺសុទ្ធសឹងតែត្រូវបានគូរឡើង​ដោយ​ដៃផ្ទាល់របស់​ជាង​គំនូរ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជាង​គំនូរ​វត្ត​ភ្នំ​។ក៏​ប៉ុន្តែ​ក្នុង​ពេលបច្ចុប្បន្ន​នេះ ដោយ​សារតែ​មានការ​វិវត្តនៃ​សម្ភារនិងបច្ចេកវិទ្យាទំនើបៗជាច្រើន ​ដែល​កាន់​តែ​បង្ក ឲ្យមានភាពងាយស្រួលនោះគេក៏លែងនិយមនូវការ​គូររូប​​ដោយ​ដៃតទៅ​ទៀត​ តែ​ប្រែ​មក​ជា​ការ​គូរ​រូបបែប​លក្ខណៈឌី​ជីថលវិញ​។ ដូច្នេះ​ហើយ​បាន​ជាគំនូរដែលគូរ​ដោយ​ដៃ ​ដូច​កាល​ពីសម័យមុន​​មិន​សូវ​ជាលេច​​វត្តមាន​នៅ​តាម​រោង​កុន​ទំនើបៗ​ក៏​ដូច​ជា​តាម​ផ្ទាំង​ផ្សព្វផ្សាយ​នានានៅ​តាម​ទី​សាធារណៈ ​តទៅទៀត​​នោះទេ។ដោយ​ហេតុ​តែ​ក្តី​ស្រលាញ់​ និង​​ទេពកោសល្យខាង​​ផ្នែកគូរ​​គំនូរ​ក៏​ដូច​ជា​​ការសរសេរ​អក្សរ​​ឆ្លាក់នេះ ​តាំង​តែ​ពី​តូចៗ​មកទើប​អ្នកដែលគាំទ្រ​នូវស្នា​ដៃ​របស់លោកតា​​កែវ សាន់ ភាគ​ច្រើន​ស្គាល់​លោកតាតាម​រយៈរហស្សនាមថាជាងគំនូរវត្តភ្នំ ហើយរូបគាត់នៅតែបន្តអាជីពមួយនេះរហូតមក​ដល់​ពេល​បច្ចុប្បន្ន​នេះ។ បើ​ទោះ​បីជា​ពេល​បច្ចុប្បន្ន​នេះ ​លោក​មាន​វ័យ​៨៣​ឆ្នាំ​​ទៅ​ហើយ​យ៉ាង​ណា​ក្តី​ក៏​លោកតា​មិន​បោះ​បង់​អាជីពដែល​លោកតា​ស្រលាញ់តាំង​ពី​ក្មេង​មួយ​នេះ​ចោល​​ដែរ។ 

គួរ​បញ្ជាក់​ផង​ដែរថា​លោកតា ​​កែ​វ​ សាន់ ​ប្រកប​របរ​នេះតាំងពី​​អំឡុងជំនាន់​​ឆ្នាំ១៩​៨០ រហូត​ដល់​ឆ្នាំ​១៩៩៣ ដោយ​ក្នុ​ង​អំឡុង​ពេល​នោះ​គឺលោក​​តាតែងតែត្រូវ​បានគេហៅ​ឲ្យទៅ​​​គូរ​គំនូរ​ផ្សព្វផ្សាយពាណិជ្ជកម្ម​នៅ​តាម​រោងកុន​ល្បី​ៗ​ជា​ច្រើន ​មាន​ដូច​ជា​រោង​កុនហាវ៉ៃ រោង​កុន​កាពីតូល រោង​កុនលុច្ស រោង​កុន​បាយ័ន រោង​កុន​វិមាន​សួស្តី​ រោង​កុនមេគង្គ រោង​កុនអង្គរ រោង​កុនភ្នំពេជ្រ រោង​កុនសូរិយា និង​រោង​កុន​ជា​ច្រើន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ​ នា​សម័យនោះផង​ដែរ។ក៏​ប៉ុន្តែ​ក្រោយ​មក ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៣​ លោកតា​ក៏​បាន​ឈប់​​ពី​អាជីព​គូរគំនូរនៅ​តាម​រោងកុន​នេះ ក៏​ព្រោះ​តែ​ក្នុង​ពេល​នោះ ​រោង​កុន​ភាគ​ច្រើន​ត្រូវ​បានឈប់​ដំណើរ​ការ​តទៅ​ទៀត ​ ដូច្នេះ​ហើយ​ទើបបាន​ជា ​​លោកតា​ងាក​មក​បើក​ហាង ​និង​ដំឡើង​ស្លាក​យីហោផ្ទាល់​ខ្លួន​​​វិញ។ នៅ​អំឡុង​ឆ្នាំ​២០០៤ ទៅ​២០០៥ ដោយ​សារតែ​មាន​វត្តមាន​កុំ​ព្យូរទ័រនិង​សម្ភារទំនើប​ៗ​ជា​ច្រើន​លេច​ឡើង​​ជា​ហូរ​ហែនៅ ​ក្នុង​ប្រទេសកម្ពុជា​ ដែល​នាំ​ឲ្យ​ការ​​គាំទ្រនូវគំនូរ ដែល​គូរ​ដោយ​ផ្ទាល់​ដៃ​នេះ​ក៏​ចាប់​ផ្តើមមាន​ការ​ធ្លាក់​ចុះ។ ដោយ​មើល​ឃើញ​ថា​ទីផ្សារ​មិន​អំណោយ​ផល ដូច្នេះ​ហើយ​​ក្នុង​ពេល​នោះ​លោកតា ក៏​បាន​សម្រេច​ចិត្ត​បិទ​ទ្វារហាង​​តែម្តង​។ ផ្អាកបានមួយរយៈក្នុងឆ្នាំ២០១៦លោកតា កែ​វ​ សាន់ ក៏​បាន​វិល​ត្រឡប់​មក​កាន់អាជីព​នេះ​ឡើង​វិញ​ដោយ ក្នុង​ពេល​នោះ​លោក​តាបានដាក់តុតូចមួយនៅខាងក្រៅនៃផ្សារ​ធំថ្មី​ដែល​មុខ​របរ​នេះ​ក៏​បានជាប់​រហូត​មក​ទល់​នឹង​​ពេល​បច្ចុប្បន្ននេះ​​។ បើ​ទោះ​បិីលោកតា​បាន​ឃ្លាត​ឆ្ងាយពីអាជីព​នេះ​ជិត​១៥​ឆ្នាំ​ទៅ​ក៏ពិត​មែន ​តែ​នៅ​ពេល​ដែល​វិល​ត្រឡប់​មក​វិញ ទឹក​ដៃ​នៃ​កា​រគូរ​រូប​និង​អក្សរ​របស់​លោក​តានៅ​តែ​ទាក់​ទាញ​និងគួរ​ឲ្យ​ចាប់​អារម្មណ៍​ដូច​មុន​ដដែល​។  ជាមួយគ្នា​នេះ​ដែរ​លោក​តា ក៏​​​បាន​លើក​ឡើងផង​ដែរ​ថា​​បច្ចុប្បន្ន​នេះ​វ័យ​របស់​លោក​ក៏​កាន់​តែ​ទៅ​មុខ ​ហើយ​អ្វី​ដែល​សោកស្តាយ​នោះ​​គឺ​​លោក​មិន​ចង់​​ឲ្យ​បាត់​បង់​នូវចំណេះ​និង​ជំនាញ​ដែល​លោក​តាមាននៅ​ពេល​​នេះ​​ទៅ​ដោយ​ទទេៗ​នោះ​ឡើយ។ ដូច្នេះហើយ​ទើប​វិចិត្រ​ករ​រូប​នេះបានសំណូម​ពរ​ដល់​អ្នកដែល​មាន​ចំណាប់អារម្មណ៍​លើ​ជំនាញ​នេះ​អាច​មក​ទាក់​ទង​រៀន​ពី​រូប​លោក​បាន​ ​ហើយ​លោក​តា​ក៏​នឹងទទួល​បង្រៀន​ដោយ​​ឥត​គិត​ថ្លៃផងដែរ៕ដោយ ស សម

ដោយ៖ស សម


ចែករំលែក៖