មេធាវីអាមេរិកជាង១ពាន់នាក់បានចុះហត្ថលេខាលើលិខិតថ្កោលទោសលោកត្រាំដែលប្រកាសថា ការបោះឆ្នោតមានបន្លំសន្លឹកឆ្នោត ដែលជាការប្រកាសគ្មានភស្តុតាងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់។ ក្រៅពីមេធាវី នៅមាន ចៅក្រម រដ្ឋអាជ្ញា សាស្ត្រាចារ្យ ច្បាប់…។
នៅក្នុងសេចក្តីប្រកាសរបស់ក្រុមមេធាវីបានបញ្ជាក់ថា ការបោះឆ្នោតធ្វើឡើងដោយស្របច្បាប់ ហើយរាល់ការចោទប្រកាន់គឺត្រូវតែពឹងផ្អែកទៅលើប្រព័ន្ធច្បាប់ មានភស្តុតាងច្បាស់លាស់។ នៅក្នុងលិខិតក៏បានអំពាវនាវដល់មន្ត្រីរបស់លោកត្រាំឈប់លើកឡើងគ្មានភស្តុតាងពាក់ព័ន្ធនឹងការបោះឆ្នោត។
ជាមួយគ្នានោះក្រុមមេធាវីក៏បានអំពាវនាវដល់បណ្តាមេធាវីរបស់លោកត្រាំត្រូវបញ្ឈប់រាល់សកម្មភាព បង្កការយល់ច្រឡំដល់តុលាការទៀត។ ការចោទប្រកាន់មិនមានភស្តុតាង ជាហេតុធ្វើឲ្យស្ថានភាពនៅអាមេរិក កាន់តែអាក្រក់ អាមេរិកនឹងកាន់តែបាត់បង់ប្រជាប្រិយភាពនៅលើឆាកអន្តរជាតិ។
លោក Richard Painter អតីតមេធាវី ប្រចាំនៅសេតវិមានក្រោមរដ្ឋកាលដឹកនាំរបស់អតីតប្រធានាធិបតិGeorge W. Bush បានឲ្យដឹងថា ការដែលលោកត្រាំលើកឡើងថាការបោះឆ្នោតមានបន្លំ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទឹកដីអាមេរិក។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា បើបិតាប្រជាធិបតេយ្យមានការបន្លំក្នុងពេលបោះឆ្នោតនោះ តើប្រព័ន្ធបោះឆ្នោតដោយប្រជាធិបតេយ្យនៅប្រទេសផ្សេងទៀតលើពិភពលោកមានសុក្រិតភាពដែរឬទេ? ការចោទប្រកាន់ពីសំណាក់ប្រធានាធិបតីត្រាំ គឺផ្ទុយពីគោលនយោបាយរបស់លោក «ធ្វើឲ្យអាមេរិកខ្លាំង» តែសកម្មភាពបែរជាធ្វើឲ្យអាមេរិកចុះខ្យោយទៅវិញ៕
ដោយ៖ធី រីណា