ខេត្តសៀមរាប ៖ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីខេត្តសៀមរាបនាវេលាម៉ោង១៣ និង៤៥នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលជនបរទេសម្នាក់ពីអធិការដ្ឋាននគរបាលក្រុងសៀមរាប ជាជនអនាថាគ្មានកន្លែងស្នាក់នៅ បង្កសកម្មភាពអុកឡុកប្រជាពលរដ្ឋនាំឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងគ្មានលិខិតឆ្លងដែនជាប់ខ្លួន។
មន្រ្តីនគរបាលជំនាញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ DAVISON ZAVALA ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិឈីលី កាន់លិខិតឆ្លងដែន (ថតចម្លង) ទើបតែធ្វើដំណើរមកដល់ខេត្តសៀមរាបកាលពីថ្ងៃទី១១-១១-២០២០ ដោយជិះម៉ូតូ និងពុំមានកន្លែងស្នាក់នៅពិតប្រាកដនោះទេ ។
លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត ស្នងការរងទទួលការងារផែនអន្តោប្រវេសន៍បានបញ្ជាក់ថា កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ជនបរទេសរូបនេះបានចូលទៅក្នុងផ្ទះសំណាក់អង្គរតូច ស្ថិតនៅភូមិ តាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប លួចយកស្រាបៀរ១កំប៉ុង ព្រមទាំងបានធ្វើសកម្មភាពអុកឡុកស្រែកឡូឡា សម្លុតគំរាមកំហែងគេឯង ដោយមានកាន់កាំបិតប៉័ងតោនៅនឹងដៃផង បង្កឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ ។សកម្មភាពនេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងក្រុងសៀមរាប ហើយក្រោយសមត្ថកិច្ចឃាត់ខ្លួននិងរឹបអូសម៉ូតូ១គ្រឿងរួចគេប្រាប់ថា លិខិតឆ្លងដែនរបស់ខ្លួនបានទុកនៅបងប្រុស នៅខេត្តកំពតតែសមត្ថកិច្ចមិនអាចទាក់ទងបាន។
បច្ចុប្បន្ន ជនបរទេសរូបនេះត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប រង់ចាំលទ្ធផលពិនិត្យសុខភាព និងបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ប្រាថ្នា