ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិឈីលីម្នាក់ជាជនអនាថាគ្មានកន្លែងស្នាក់នៅនិងបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

ចែករំលែក៖

ខេត្ត​សៀមរាប​ ៖​ ​ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី​ខេត្តសៀមរាបនាវេលាម៉ោង១៣ និង​៤៥​នាទី​ ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២០ បាន​ទទួល​ជនបរទេស​ម្នាក់​ពី​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​ ជាជនអនាថា​គ្មាន​កន្លែង​ស្នាក់​នៅ​ បង្ក​សកម្មភាព​អុកឡុក​ប្រជាពលរដ្ឋនាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ និង​គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។​

មន្រ្តីនគរបាលជំនាញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ DAVISON​ ZAVALA​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជនជាតិ​ឈី​លី​ កាន់​លិខិតឆ្លងដែន​ (​ថតចម្លង​)​ ទើបតែ​ធ្វើ​ដំណើរ​មក​ដល់​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​១១-១១-២០២០​ ដោយ​ជិះ​ម៉ូតូ​ និង​ពុំមានកន្លែងស្នាក់នៅពិតប្រាកដនោះទេ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ ជា​ គឹ​ម​សាន្ត​ ស្នងការ​រង​ទទួល​ការងារ​ផែន​អន្តោប្រវេសន៍​បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១រសៀលថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ជនបរទេស​រូប​នេះ​បាន​ចូល​ទៅ​ក្នុងផ្ទះ​សំណាក់​អង្គរតូច​ ស្ថិត​នៅ​ភូមិ​ តា​ភុល​ សង្កាត់​ស្វាយ​ដង្គំ​ ក្រុង​/​ខេត្តសៀមរាប​ លួច​យក​ស្រា​បៀរ​១​កំប៉ុង​ ព្រមទាំង​បាន​ធ្វើ​សកម្មភាព​អុកឡុក​ស្រែក​ឡូឡា​ សម្លុតគំរាមកំហែងគេឯង ដោយ​មានកាន់កាំបិតប៉័ងតោនៅនឹងដៃផង បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​នោះ​ ។​សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​ក្រុង​សៀមរាប​ ហើយក្រោយសមត្ថកិច្ចឃាត់ខ្លួននិងរឹបអូសម៉ូតូ១គ្រឿងរួចគេប្រាប់ថា លិខិតឆ្លងដែន​របស់ខ្លួនបានទុក​នៅ​បងប្រុស​ នៅ​ខេត្តកំពត​តែសមត្ថកិច្ចមិនអាចទាក់ទងបាន។

​បច្ចុប្បន្ន​ ជនបរទេស​រូប​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ រង់ចាំ​លទ្ធផល​ពិនិត្យ​សុខភាព​ និង​បញ្ជូន​ទៅ​ស្នាក់​ការ​ត្រៀម​បណ្តេញចេញ​ប្រចាំ​ខេត្តសៀមរាប​ ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

ដោយ៖ប្រាថ្នា


ចែករំលែក៖