ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីសិង្ហបុរី​អំពាវនាវ ឱ្យអាមេរិក-ចិន​ផ្សះផ្សាគ្នាក្រោមរដ្ឋកាលដឹកនាំរបស់លោកបៃឌិន

ចែករំលែក៖

នាយករដ្ឋមន្ត្រីសិង្ហបុរី ​ លោក លីសៀងឡុង​បានអំពាវនាវឲ្យអាមេរិកនិងចិនផ្សះផ្សាទំនាក់ទំនងឱ្យកាន់តែប្រសើរ ​ក្រោមរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីថ្មី លោកចូ បៃឌិន​ ជាបុគ្គលមានទស្សនៈនយោបាយផ្សះផ្សា​ ស្ថាបនា​។
លោកលី សៀងឡុង​បានបញ្ជាក់ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Bloomberg ថា «​ ប្រទេសទាំងពីរ​នឹងមានទំនាក់ទំនងល្អ​ប្រសើរ​ ហើយអភិវឌ្ឍន៍វិស័យដែលមានផលប្រយោជន៍រួម​ និងកាត់បន្ថយចំណុចមិនចុះសម្រុងនឹងគ្នា ដូចជាវិស័យ​ពាណិជ្ជកម្ម សន្តិសុខ បម្រែបម្រួលអាកាសធាតុ ព្រមទាំងបញ្ហាមិនរីកសាយភាយអាវុធបរមាណូ​របស់ កូរ៉េខាងជើងផងដែរ​។
លោក លី សៀងឡុង បានឲ្យដឹងថា​« យើងចង់ធ្វើការជាមួយអាមេរិក​ ក៏ដូចជាប្រទេសដែលមានវិស័យសេដ្ឋកិច្ច​សកម្ម ដូចជាប្រទេសចិន។ ទាំងអាមេរិក​និងចិន គឺមិនមាន​ប្រទេសណាមួយចង់បោះបង់​មហាអំណាចសេដ្ឋកិច្ចឡើយ»។
ជាប្រទេសតូចអាស្រ័យទៅលើវិស័យពាណិជ្ជកម្ម សិង្ហបុរី​គាំទ្រអាមេរិកបង្ហាញវត្តមាននៅក្នុងតំបន់អាស៊ី ដោយអនុញ្ញាតឲ្យអាមេរិក​ប្រើប្រាស់ទីតាំងទាហាននៅក្នុងប្រទេសនេះ។
លោក លី បានបញ្ជាក់ថា បើទោះបីទីក្រុងប៉េកាំង មិនចង់ប៉ះទង្គិចគ្នា ជាមួយអាមេរិក​ក្នុង​វិស័យពាណិជ្ជកម្មក្តី ក៏ជាមួយគ្នានោះដែរ​​ការដំឡើងពន្ធរបស់លោកត្រាំ នឹងបង្កផលលំបាកដល់រដ្ឋាភិបាលថ្មីរបស់អាមេរិក ពិបាកក្នុងការលុបចោលវិញ៕

ដោយ៖ធី រីណា


ចែករំលែក៖