ភ្នំពេញ ៖ អគ្គិភ័យ បានឆាបឆេះរោងតូចៗជាច្រើនរោងអស់ទាំងស្រុង បង្កភាពភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ថ្ងៃទី១៧ ខែវិថ្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងដីឡូតិ៍មួយកន្លែង ក្រុមទី១ ភូមិសន្សំកុសល៦ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងចេញពីរោងមួយកន្លែង ដោយមិនដឹងមូលហេតុ ទើបបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ទើបបង្កភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមកម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកអន្តរាគមន៍ ដើម្បីទប់ស្កាត់កុំឆាបឆេះឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋដទៃទៀត។
គួបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍នេះ គឺអគ្គិភ័យបំផ្លាញរោងរបស់ប្រជាពលរដ្ឋចំនួន៥រោងទាំងស្រុង តែមិនមាននរណាម្នាក់រងរបួសនោះទេ។
លើសពីនេះទៀត ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន ៦គ្រឿង រថយន្តពន្លត់នអគ្គិភ័យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣ គ្រឿង បានចុះមកជួយ អន្តរាគមន៍ បាញ់ទឹកទប់ស្កាត់ករណីអគ្គិភ័យនេះផងដែរ ដោយបានរលត់ជាស្ថាពរ នៅវេលាម៉ោង ១:៣០ នាទីនាថ្ងៃខែឆ្នាំដដែល ចំណែកមូលហេតុកម្លាំងសមត្ថកិច្ចស្រាវជ្រាវបន្ត៕ ដោយ៖ រ៉ារ៉ា