ភ្នំពេញ៖ លោកស័ក្តិ៥ ហ៊ីម សំបូរ ដែលយកកាំភ្លើងមកសម្ញែងហើយជេរប្រមាថ សម្លុត និងគំរាមកំហែងបាញ់សម្លាប់ទាំងគ្រួសារដល់អ្នកភូមិផងរបងជាមួយនោះ បានត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់ ។
តាមប្រភពព័ត៌មានដែលយើងទើបទទួលបាន រហូតមកដល់រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរលោកស័ក្តិ៥ ហ៊ីម សំបូរ ដោយពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ។
លោកស័ក្តិ៥ ហ៊ីម សំបូរ បានត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រួចបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០ៈ២០នាទី នៅចំណុចមុខផ្ទះលេខ២៤៦ ផ្លូវលេខ២៧១ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឈ្មោះ ហ៊ីម សំបូរ ដែលមានដីផ្ទះនៅជិតផ្ទះរបស់គាត់បានដើរកាន់កាំភ្លើងខ្លីមិនស្គាល់ម៉ាកចំនួន១ដើម កាត់មុខផ្ទះរបស់គាត់ឆ្ពោះទៅហាងអ៊ុតរបស់គាត់ដែលមានយីហោ «ជី ជី សាឡន» ដោយបានធ្វើការសម្លុតនិង គំរាមកំហែងរកបាញ់សម្លាប់ទាំងគ្រួសារដោយកាំភ្លើងខ្លី ។
ក្នុងពាក្យបណ្តឹង ស្ត្រីរងគ្រោះបានរៀបរាប់ទៀតថា ឈ្មោះ ហ៊ីម សំបូរ តែងតែរករឿងឈ្លោះជាមួយគ្រួសារគាត់ជាញឹកញាប់ ចាប់តាំងពីគាត់បានសាងសង់ផ្ទះល្វែង អំពីថ្មរួចមក ឈ្មោះនេះតែងតែមិនពេញចិត្តនឹងគ្រួសារគាត់ឡើយ ។
លើសពីនេះទៅទៀត ឈ្មោះ ហ៊ីម សំបូរ តែងតែកាន់អាវុធខ្លីដើរគំរាមកំហែងអ្នកជិតខាងណាដែលបានឈ្លោះជាមួយគេ ហើយសម្លុតនិងបានបោះពាក្យសម្តី ថា «អ្អែងធ្វើមិនឈ្នះអញទេ» ដែលទង្វើនេះ គឺ ជាទង្វើខុសច្បាប់ទាំងស្រុង ព្រោះឈ្មោះនេះ ក្នុងនាមជាសមត្ថកិច្ចផងដែរ ដឹងច្បាប់ហើយនៅតែប្រព្រឹត្តខុស ។
ជនរងគ្រោះបន្តថា ទង្វើទាំងអស់នេះធ្វើឱ្យរូបគាត់ជាជនរងគ្រោះរស់នៅមិនបានសុខ ដោយការគំរាមកំហែងថានឹងសម្លាប់ទាំងគ្រួសារ ដោយឈ្មោះ ហ៊ីម សំបូរ សុខចិត្តស្លាប់ផងដែរ ៕
ដោយ៖ចេស្តា