ខេត្តព្រះវិហារ៖ ក្នុងករណីទំនាស់ឌឺដងដាក់គ្នារហូតឈានដល់យកកាំបិតផ្គាក់កាប់ជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម ទីបំផុតជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ករណីនេះបានកើតឡើងនៅវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចដីស្រែកងទ័ព ក្នុងភូមិរុងរឿង៤ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សារ៉ាត់ សារិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិពយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
ចំណែកជនរងគ្រោះមានឈ្មោះ រ៉ា បឹប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត នៅព្រឹកថ្ងៃនេះ។
លោកបន្តថា៖ បច្ចុប្បន្នជនសង្ស័យ និងជនរងគ្រោះស្នាក់នៅបណ្តោះអាសន្នក្នុងភូមិឃុំកើតហេតុខាងលើ ប្រកបមុខរបរដើរអារឈើងាប់ៗ តាមចម្ការដែលគេឈូសចោល។
តាមរបាយការណ៍បានបញ្ជាក់ថា៖ មុនពេលកើតហេតុជនសង្ស័យ និងជនរងគ្រោះមានទំនាស់ពាក្យសម្តីជាមួយគ្នាម្តងរួចមកហើយនៅក្នុងវង់ផឹកស៊ីតាំងពីពេលថ្ងៃត្រង់។ លុះមកដល់ពេលយប់ទំនាស់ក៏នៅតែបន្តកើតឡើងដដែល ហើយជនរងគ្រោះនៅតែពោលពាក្យឌឺដងឱ្យជនសង្ស័យ ធ្វើឱ្យជនសង្ស័យទប់កំហឹងមិនបានក៏ស្ទុះទៅយកកាំបិតផ្គាប់កាប់ទៅលើជនរងគ្រោះចំកញ្ចឹងក និងស្លឹកត្រចៀកបណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
លោកអធិការបញ្ជាក់ថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យមានបំណងរត់គេចខ្លួន តែក្រោមបទបញ្ជា និងការណែនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងនគរបាលស្រុកបានសហការជាមួយទាហានកងពលតូចអន្តរាគមន៍លេខ៩ បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងយប់ និងបាននាំខ្លួនមកកាន់អធិការដ្ឋានស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការទៅតាមនីតិវិធីច្បាប់៕
ដោយ៖ សិលា