ខេត្តស្វាយរៀង៖ មានការស្រែកផ្អើលឆោឡោទាំងយប់កណ្ដាលអធ្រាត្រដោយសារតែក្រុមគ្រួសារបានប្រទះឃើញកូនប្រុសរបស់ខ្លួនដេកដួលក្នុងទឹកហើយនាំគ្នាជួយសង្គ្រោះស្រង់យកមកកប់ខ្សាច់និងធ្វើចលនាដៃជើង ប៉ុន្តែអកុសលហួសពេលទៅហើយបន្ទាប់ពីជនរងគ្រោះតខ្សែភ្លើងចេញពីក្រោមផ្ទះក្នុងគោលបំណងទៅឆក់ត្រី តែចៃដន្យអាក្រក់មកពីការធ្វេសប្រហែសទើបបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់នៅក្នុងប្រឡាយខាងមុខផ្ទះ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ស្ថិតនៅភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ប៉ាត់ នៅសា អាយុ២២ឆ្នាំ រស់នៅភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួលខេត្តស្វាយរៀង ។
បើតាមអ្នកភូមិបានប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុគេឃើញបុរសខាងលើបានចេញពីក្នុងផ្ទះទាំងយប់អធ្រាត្រដើម្បីដើររកសត្វ ប៉ុន្តែមិនដឹងយ៉ាងម៉េចស្រាប់តែមានការភ្ញាក់ផ្អើលពីក្រុមគ្រួសារថាកូនត្រូវខ្សែភ្លើងឆក់ទើបបង្កការភ្ញាក់ផ្អើលនាំគ្នាជួយសង្គ្រោះយកមកកប់ក្នុងខ្សាច់និងធ្វើចលនាដៃជើង ប៉ុន្តែអកុសលហួសពេលទៅហើយ។
បើតាមសមត្ថកិច្ចនគរបាលជំនាញនិងគ្រូពេទ្យបន្ទាប់ពីពិនិត្យសពរួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ព្រោះតែខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យស្លាប់ប្រាកដមែនទើបប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន