អន្តរជាតិ៖ រដ្ឋាភិបាលឡាវ នឹងបើកដំណើរការផ្លូវល្បឿនលឿនExpressway ចម្ងាយប្រមាណ១១៣គីឡូម៉ែត្រ ដែលភ្ជាប់ពីរដ្ឋធានីវៀងចន្ទន៍ ទៅក្រុងទេសចរណ៍ Vang Vieng នៅថ្ងៃទី២ ខែធ្នូ ខាងមុខនេះចំឱកាសនៃទិវាជាតិ (National Day) លើកទី៤៥។ ប៉ុន្តែចំពោះរថយន្តដែលមានកម្លាំងម៉ាស៊ីនក្រោម៣៥០សេសេ មិនមានសិទ្ធិបើកបរលើផ្លូវល្បឿនលឿន Expressway ចន្លោះពីក្រុងវៀងចន្ទន៍ ទៅក្រុងVang Vieng នោះឡើយ។ នេះបើតាមរបាយការណ៍មួយដែលដកស្រង់ដោយសារព័ត៌មានVientiane Times។
ជាក់ស្តែងបើយោងតាមច្បាប់ចរាចរណ៍ផ្លូវគោករបស់ប្រទេសឡាវ បានបញ្ជាក់ថា រថយន្តដែលអាចបើកបរនៅលើផ្លូវ Expressway បានត្រូវតែមានកម្លាំងម៉ាស៊ីនចាប់ពី៣៥០សេសេឡើងទៅ ខណៈយានយន្តដែលកែច្នៃគ្រប់ប្រភេទ ត្រូវបានហាមឃាត់ជាដាច់ខាត បើទោះបីជាមានកម្លាំងម៉ាស៊ីនខ្ពស់ក៏ដោយ។
លើសពីនេះទៅទៀត យានយន្តដែលមានល្បឿនខ្ពស់បំផុត៨០គីឡូម៉ែត្រក្នុង១ម៉ោង ឬតិចជាងនេះ ក៏ត្រូវបានហាមឃាត់ចំពោះការប្រើប្រាស់Expressway ផងដែរ។
គួរបញ្ជាក់ថា នៅផ្លូវ Expressway អ្នកបញ្ជារថយន្តអាចបើកបរក្នុងល្បឿនចន្លោះពី៨០ទៅ១១០គីឡូម៉ែត្រក្នុង១ម៉ោង ខណៈរថយន្តក្រុង និងរថយន្តដឹកទំនិញ អាចបើកក្នុងល្បឿនចន្លោះពី៨០ ទៅ៩០គីឡូម៉ែត្រក្នុង១ម៉ោងដោយយោងតាមលក្ខខណ្ឌអាកាសធាតុ។ ព្រោះរថយន្តទាំងនេះត្រូវគោរពភ្លើង និងសញ្ញាចរាចរណ៍ និងរក្សាគម្លាតយ៉ាងហោចណាស់១០០ម៉ែត្រ៕
ដោយ៖ស តារា