ភ្នំពេញ៖ សាងភាពភ្ញាក់ផ្អើលជាថ្មី និងនាំមក នូវមោទនភាពសម្រាប់កម្ពុជា ក្រោយពីបវរកញ្ញាផែនដី២០២០កញ្ញា ហេងសុទ្ធនិស្ស័យទទួលបានពានរង្វាន់ បញ្ចេញសមត្ថភាពល្អផ្ដាច់គេក្នុងទ្វីប អាស៊ី នៅក្នុងវិញ្ញាសារចម្រៀង។ការប្រកាសនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីលើសមត្ថភាព ប្រកបដោយសក្កដានុពលរបស់បេក្ខនារីឆ្នើមរូបនេះ។
នេះគឺជាជោគជ័យថ្មីមួយទៀតសម្រាប់វិស័យកញ្ញាឯកបន្ទាប់ពីនាងទើបនឹងទទួលបានមេដាយមាសម្តងរួចមកហើយលើការប្រកួតនេះតាមរយៈកម្មវិធី Earth Talk លើប្រធានបទ”វិទ្យាសាស្ត្រធម្មជាតិ” នោះ។ លទ្ធផលត្រូវបានបញ្ចេញកាលពីថ្មីៗនេះបន្ទាប់ពីនាងបានបង្ហាញសមត្ថភាពតាមរយៈការផ្ញើឯកសារ និងតាមបណ្តាញសង្គមកន្លងមកនិងទទួលបានការចាប់អារម្មណ៍ខ្លាំងពីគណកម្មការអន្តរជាតិនោះ។ ក្នុងចំណោមបេក្ខនារីជាច្រើននាក់មកពីបណ្តាប្រទេសនានានៅជុំវិញពិភពលោកនាងទទួលបានពានរង្វាន់បញ្ចេញសមត្ថភាពល្អផ្ដាច់គេប្រចាំទ្វីប អាស៊ី ក្នុងការប្រកួតបវរកញ្ញាផែនដី Miss Earth ឆ្នាំ២០២០។ខណៈដែលទ្វីប អាហ្វ្រិក បានទៅលើបេក្ខនារីLungo Katete មកពីប្រទេស អាហ្វ្រិកខាងត្បូងស្របដែលបេក្ខនារីមកពីទ្វីបអឺរ៉ុប បានទៅលើបេក្ខនារី Anette Muursepp មកពីប្រទេស អេស្តូនី និងទ្វីបអាមេរិក បានទៅលើបេក្ខនារី Lindsey Coffey មកពីសហរដ្ឋអាមេរិក។ នៅមានពានរង្វាន់ ជាច្រើនទៀតដែលគណកម្មការនឹងបន្តប្រកាសខណៈដែលកម្មវិធីប្រកួតសម្រស់និងសមត្ថភាពឆ្នាំនេះត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គមប៉ុណ្នោះ។
គួរបញ្ជាក់ដែរថាកញ្ញា ហេង សុទ្ធនិស្ស័យ មានអាយុ ២៤ ឆ្នាំកម្ពស់ ១,៧០ម៉ែត្រ នាងបានបញ្ចប់ការសិក្សាលើជំនាញទំនាក់ទំនងអន្តរជាតិ។ បានក្លាយជាកញ្ញាឯកផែនដីកម្ពុជាឆ្នាំ២០២០ និងក្លាយជាបេក្ខភាពដំណាងកម្ពុជាក្នុងការចូលរួមប្រកួតកម្មវិធីសម្រស់កញ្ញាឯកផែនដីពិភពលោក២០២០ ។នាងបានក្លាយជាបេក្ខនារីដ៏គួរឲ្យចាប់អារម្មណ៍ម្នាក់និងប្រកបដោយសក្កដានុពលគឺក្រោយពីនាងបានបង្ហាញទាំងរូបសម្រស់ និងសមត្ថភាពនៃការប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អប្រសើរនោះ៕
ដោយ៖ វឌ្ឍនា