ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យឯកជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទមនុស្សឃាតដោយអចេតនា

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគគីរសោមបានឃាត់ខ្លួនគ្រូពេទ្យឯកជនម្នាក់ពីបទធ្វើមនុស្សឃាតដោយអចេតនាបន្ទាប់ពីចាក់ថ្នាំនិងព្យួរសេរ៉ូមដើម្បីជំនួយកម្លាំងបណ្ដាលឱ្យស្ត្រីចំណាស់ម្នាក់ស្លាប់។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតនៅភូមិត្បែង ឃុំគគីរសោម ស្រុកស្វាយទាប។

បើតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យជាគ្រូពេទ្យឯកជនដែលឃាត់ខ្លួនមានឈ្មោះសោម សិទ្ធី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិត្បែង ឃុំគគីរសោម ស្រុកស្វាយទាប។

ចំណែកស្ត្រីរងគ្រោះមានឈ្មោះប៉ាល់ សារ៉ុន អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។

តាមលោក ប៉ាល់ ជឿន មេភូមិបាត់ថង់ត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះបានឱ្យដឹងថា នៅវេលាម៉ោង៦និង១៦នាទីល្ងាច ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បងថ្លៃរបស់គាត់បានរាយការណ៍មកថាបងស្រីបង្កើតរបស់ខ្គាត់ឈ្មោះប៉ាល់ សារ៉ុន មានជំងឺរុំារ៉ៃប្រចាំកាយជាច្រើនឆ្នាំមកហើយ។ រហូតមកដល់ម៉ោង១១និង១០នាទីថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០២០ឈ្មោះនង ចន អាយុ ៥១ឆ្នាំត្រូវជាប្តីជនរងគ្រោះបានទូរស័ព្ទហៅពេទ្យឯកជនម្នាក់មានឈ្មោះសោម សិទ្ធី អាយុ៥២ឆ្នាំ រស់នៅភូមិត្បែង ឃុំគគីរសោម ស្រុកស្វាយទាបជាមួយគ្នា ឱ្យទៅពិនិត្យនិងព្យួរសេរ៉ូមឱ្យដើម្បីជំនួយកម្លាំងដល់ប្រពន្ធរបស់ខ្លួន។

ប្រភពបន្តថា លុះមកដល់វេលាម៉ោង៥និង២២នាទីល្ងាចថ្ងៃដដែលស្រាប់តែស្ត្រីរងគ្រោះបានស្លាប់ទើបបង្កការភ្ញាក់ផ្អើលតែម្តង។

យោងតាមការពិនិត្យរបស់ជំនាញនិងគណៈកម្មការកោសល្យវិច័យមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានសន្និដ្ឋានថា ស្ត្រីជនរងគ្រោះខាងលើដោយសារមានជំងឺបេះដូងនិងសំពាធឈាមឡើងខ្លាំងក្រោយពីពេទ្យចាក់ថ្នាំនិងព្យូរសេរ៉ូម ទើបបណ្ដាលឱ្យស្លាប់បែបនេះតែម្ដង។

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនិងបានឃាត់ខ្លួនជនសង្ស័យជាគ្រូពេទ្យឯកជនមកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរសោមដើម្បីកសាងសំណុំរឿងបន្តទៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបចាត់ការតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖