ភ្នំពេញ៖លោកស័ក្តិ៥ ហ៊ីម សំបូរ ដែលយកកាំភ្លើង មកជេរប្រមាថ សំឡុត និង គំរាមកំហែងសម្លាប់ទាំងគ្រួសារដល់អ្នកភូមិផងរបងជាមួយនោះ ត្រូវបានលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោះលែងអោយមានសេរីភាព វិញហើយ តែនីតិវិធីនៅតែបន្តដដែល ។
នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ថ្លែងប្រាប់ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។
គួររំលឹកថា លោកស័ក្តិ៥ ហ៊ីម សំបូរ បានត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រួចបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។
នារីរងគ្រោះ បានរៀបរាប់ថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២០៖២០នាទី នៅចំណុចមុខផ្ទះលេខ២៤៦ ផ្លូវលេខ២៧១ ២៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឈ្មោះ ហ៊ីម សំបូរ ដែលមានដីផ្ទះជិតជនរងគ្រោះ បានដើរកាន់កាប់អាវុធខ្លីមិនស្គាល់ម៉ាកចំនួន១ដើម កាត់មុខផ្ទះជនរងគ្រោះ ឆ្ពោះទៅហាងអ៊ុតរបស់ជនរងគ្រោះ មាន យីហោ «ជី ជី សាឡន» ដោយបានធ្វើការសំឡុត និង គំរាមកំហែងសម្លាប់ទាំងគ្រួសារដោយអាវុធខ្លី ។
ក្នុងពាក្យបណ្តឹង នារីរងគ្រោះបានរៀបរាប់ទៀតថា ឈ្មោះ ហ៊ីម សំបូរ តែងតែរករឿងឈ្លោះជាមួយគ្រួសារជនរងគ្រោះជាញឹកញាប់ ចាប់តាំងពីជនរងគ្រោះបានសាងសង់ ផ្ទះល្វែង អំពីថ្មរួចមក ឈ្មោះនេះ តែងតែមិនពេញចិត្តនឹងគ្រួសារជនរងគ្រោះ ឡើយ ។
លើសពីនេះទៅទៀត ឈ្មោះ ហ៊ីម សំបូរ តែងតែកាន់អាវុធខ្លីដើរគំរាមកំហែងអ្នកជិតខាងណាដែលបានឈ្លោះជាមួយគេ ហើយសំឡុតនិងបានបោះពាក្យសម្តី ថា «ហែងធ្វើមិនឈ្នះអញទេ» ដែលទង្វើនេះ គឺ ជាទង្វើខុសច្បាប់ទាំងស្រុង ព្រោះឈ្មោះនេះ ក្នុងនាមជាសមត្ថកិច្ច ផងដែរ ដឹងច្បាប់ហើយនៅតែប្រព្រឹត្តខុស ។
ជនរងគ្រោះ បន្តថា ទង្វើទាំងអស់នេះ ធ្វើអោយជនរងគ្រោះរស់នៅមិនបានសុខ ដោយការគំរាមកំហែងថា នឹងសម្លាប់ទាំងគ្រួសារ ដោយឈ្មោះ ហ៊ីម សំបូរ សុខចិត្តស្លាប់ ផងដែរ ៕
ដោយ៖ចេស្តា