ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះព្រំដីផ្ទុះហិង្សា អ្នកចាញ់ដេកពេទ្យអ្នកឈ្នះរត់គេចខ្លួននៅឃុំដូង ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង បន្ទាប់ពីមានទំនាស់រឿងព្រំដីហើយត្រូវជនសង្ស័យរស់នៅក្បែរភូមិគ្នាកាប់ជាច្រើនកាំបិតកកុក រួចរត់គេចខ្លួនបាត់ភ្លាមៗបង្កការភ្ញាក់ផ្អើលតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០ស្ថិតក្នុងភូមិបុសង្ឃ័រ ឃុំដូង ស្រុករមាសហែក។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហែម វណ្ណា អាយុ៣៨ឆ្នាំមុខរបរកសិករ រស់ក្នុងភូមិបុសង្ឃ័រ ឃុំដូង ស្រុករមាសហែក។

ចំណែកជនសង្ស័យដែលបានរត់គេចខ្លួនមានឈ្មោះ ឯម រ៉ន អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់ក្នុងភូមិឃុំកើតហេតុខាងលើជាមួយជនរងគ្រោះដែរ។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជាមួយជនសង្ស័យមានជម្លោះពាក្យសម្តីគ្នាយ៉ាងខ្លាំងរឿងបញ្ហាព្រំដីក្បែរគ្នា។ លុះប្រមាណកន្លះម៉ោងក្រោយមកស្រាប់តែផ្ទុះហិង្សាកើតឡើងខណៈជនសង្ស័យបានទាញយកកាំបិតកកុកកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសស្មាឆ្វេង១កន្លែងប្រអប់ដៃឆ្វេង១កន្លែង ម្រាមដៃស្ដាំ១កន្លែង, កន្លាក់ដៃស្តាំ១កន្លែង, ជង្គង់ឆ្វេង១កន្លែងបង្កការភ្ញាក់ផ្អើលតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុករមាសហែកកំពុងធ្វើការស្រាវជ្រាវតាមរកជនសង្ស័យដើម្បីឃាត់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖