ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ សូមមេត្តាបន្តអនុវត្ត តាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងតាមការណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានហ្មត់ចត់ជាទីបំផុត ដើម្បីការពារ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំ។ជាមួយគ្នានេះដែរ អភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តរស់នៅធម្មតា តាមបែបគន្លងថ្មី ដោយពាក់ម៉ាស់ (ក្នុងករណីចាំបាច់)។ ជាពិសេសនៅក្នុង កាលទេសៈនេះ សូមមើលការខុសត្រូវកូនចៅខ្លួន ដោយកុំឱ្យដើរចេញ ក្រៅផ្ទះរហេតរហូត បើមិនចាំបាច់។ តែបើអាក់ខានមិនបាននោះ នៅពេលចេញដើរ ត្រូវពាក់ម៉ាស់ជាប់ជានិច្ច ហើយសូមកុំឱ្យមានការជួបជុំគ្នា កុះករច្រើនពេក(កាត់បន្ថយជាអតិបរិមា នូវចំនួនមនុស្ស ជួបជុំគ្នា)។
បន្ថែមពីនេះលោក ឃួង ស្រេង ក៏បានក្រើនរំឮក ដល់ប្រជាពលរដ្ឋ ត្រូវលាងសម្អាតដៃ ជាមួយសាប៊ូ និងទឹកស្អាត ឬជាមួយអាល់កុល ឬទឹកដែលសម្រាប់លាងដៃ ឱ្យបានញឹកញាប់ កុំយកដៃដែលមិនបានលាងសម្អាត មកប៉ះផ្ទៃមុខមាត់របស់ខ្លួន និងត្រូវរក្សាសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលឱ្យលើសពី មួយម៉ែត្រកន្លះ ឡើងទៅជាចាំបាច់។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០២០ បានផ្ញើសារណែនាំ ពិសេសបន្ទាន់មួយទាំងយប់ ក្រោយពេលរកឃើញក្រុមគ្រួសារ របស់អគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ ចំនួន៦នាក់ មានជំងឺកូវីដ-១៩ ដែលជាការឆ្លងក្នុងសហគមន៍ លើកដំបូងនៅកម្ពុជា។បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋ មេត្តាកុំមានការស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ការគ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ ពាក់ព័ន្ធការការពារខ្លួន តាមរយៈការពាក់ម៉ាស់ ការលាងដៃ ការអនាម័យតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យ ត្រូវរកការបញ្ជាក់ពីគ្រូពេទ្យ ឱ្យបានឆាប់។ សម្តេចតេជោ ក៏បានស្នើសុំកុំឱ្យមានការ ប្រមូលផ្តុំណាមួយ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចនឹងមិនអំពាវនាវ ឱ្យមានការបិទសាលារៀន នៅភ្នំពេញ និងខេត្តពាក់ព័ន្ធទេ។ អ្វីដែលជាការចាំបាច់ នៅពេលនេះ គឺតម្រូវការនូវការពាក់ម៉ាស់ ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាព តែប៉ុណ្ណោះ។ សម្តេចតេជោ បានបន្ថែមថា ត្រូវទុកសាលារៀន ដំណើរការធម្មតា ទៅតាមគន្លងថ្មី។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញ ករណីឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរក ឃើញវិជ្ជមាន ជំងឺកូវីដ-១៩ លើក្រុមគ្រួសារ អគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅ ជាមួយសរុប៦នាក់។ ក្រសួងសុខាភិបាល មិនទាន់បានរកឃើញ ពីប្រភពនៃការឆ្លង ជំងឺកូវីដ-១៩នេះនៅឡើយ។
ជាវិធានការទប់ស្កាត់ ការរីកសាយភាយ ឬការចម្លងកាន់តែខ្លាំង រាជរដ្ឋាភិបាល បានដាក់ចេញវិធានការ បន្ទាន់មួយចំនួន ដូចជាការបិទផ្សារទំនើបអុីអន១ និងការតម្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលរួមមាន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផងនោះ ចាប់ផ្តើមធ្វើចត្តាឡីស័ក និងយកសំណាក ពិនិត្យរកមេរោគ។ ក្រសួងសុខាភិបាល បានអំពាវនាវ ដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍នេះ នាំគ្នាទៅយកសំណាក ពិនិត្យរកមេរោគ ក្នុងនោះប្រជាពលរដ្ឋធម្មតា ទៅកាន់ផ្សារទំនើបអុីអន ១ សម្រាប់មន្ត្រីរាជការ ត្រូវយកសំណាក នៅទីស្តីការក្រសួងមហាផ្ទៃ។ គិតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លង កើតជំងឺកូវីដ-១៩ សរុប ៣១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០១នាក់ និងកំពុងសម្រាកព្យាបាល ១៤នាក់៕ដោយ៖សំរិត