រដ្ឋាភិបាលអុីរ៉ង់បានថ្កោលទោសយ៉ាងខ្លាំងដល់អុីស្រាអែលដែលនៅពីក្រោយការធ្វើឃាតអ្នកវិទ្យាសាស្ត្របរមាណូលំដាប់កំពូលរបស់អុីរ៉ង់។ នៅពេលនេះកម្លាំងទាហានអុីរ៉ង់ បានត្រៀមលក្ខណៈវាយប្រហារទៅលើប្រទេសអុីស្រាអែល ដោយ«ព្យុះមីស៊ីលរាប់ពាន់ដើម»។
ប្រធានាធិបតីអុីរ៉ង់ លោក Hassan Rouhani បានបញ្ជាក់ថា នឹងមានការតបតវិញទៅលើប្រទេសអុីស្រាអែល ប៉ុន្តែអុីរ៉ង់មិនប្រញាប់ប្រញាល់នោះឡើយគឺមានការប្រុងប្រយ័ត្នខ្ពស់បំផុត។
ស្ថានភាពនៅក្នុងតំបន់ព្រំដែន កាន់តែតានតឹងខ្លាំង ហើយអាមេរិកក៏បានបញ្ជូនក្រុមនាវាផ្ទុកយន្តហោះ ដែលមាននាវា USS Nimitz ទៅកាន់តំបន់មជ្ឈិមបូព៌ា ជាការត្រៀមលក្ខណៈធ្វើសង្គ្រាម វាយប្រហារអុីរ៉ង់ ប្រសិនបើអុីរ៉ង់ហ៊ានវាយប្រហារអុីស្រាអែលនោះ។
ការប្រឈមមុខតានតឹងរវាងអុីរ៉ង់នឹងអុីស្រាអែលកាន់តែខ្លាំងឡើង ក្រោយពេលបិតាបច្ចេកវិទ្យាបរមាណូអុីរ៉ង់លោកMohsen Fakhrizadeh រងការធ្វើឃាតកាលពីថ្ងៃទី២៧ខែវិច្ឆិកា ហើយអុីរ៉ង់បានចោទប្រកាន់អាមេរិក និងអុីស្រាអែលជាអ្នកនៅពីក្រោយ។ ជាមួយគ្នានោះដែរអុីរ៉ង់ក៏បានចេញបញ្ជាដល់កម្លាំងទាហានទាំងអស់ ត្រៀមលក្ខណៈធ្វើសង្គ្រាម។ មីស៊ីលរបស់អុីរ៉ង់រាប់ពាន់ដើមបានត្រៀមរួចរាល់រង់ចាំតែបទបញ្ជាប៉ុណ្ណោះ នឹងវាយប្រហារទៅលើប្រទេសអុីស្រាអែលជាមិនខាន។
ចំណែកកម្លាំងទាហានអុីស្រាអែលវិញក៏បានត្រៀមលក្ខណៈរួចរាល់ ដែរ ពិសេសគឺប្រព័ន្ធមីស៊ីលការពារដែនអាកាស ដោយខ្លាចអុីរ៉ង់វាយប្រហារ ៕ដោយ៖ធី រីណា