ភ្នំពេញ ៖ មានបុរសបីនាក់ទើបមកពីខេត្តឡេីងមកភ្នំពេញដេីម្បីយករថយន្តមកលក់ ខណៈលក់រថយន្តបានលុយចំនួន១០.៥០០ដុល្លារក៏នាំគ្នាចូលម៉ាស្សាកោសជប់ឲ្យស្រួលខ្លួនបន្តិច លុះដល់ពេលចេញមកខាងក្រៅវិញឆែកកាបូបមើលបាត់លុយដុល្លារអស់៥.០០០ដុល្លារហេីយឃើញមានលុយដុល្លារខ្មោច៦០០ដុល្លារក្នុងកាបូបមកវិញ ក៏បង្កការភ្ញាក់ផ្អើលដឹងដល់អ្នកសារព័ត៌មានចុះទៅឡាយផ្ទាល់ កាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ត្រង់ចំណុចហាងម៉ាស្សាមួយកន្លែង ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់លុយ មានឈ្មោះ រុន អេម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ មានស្រុកកំណេីតនៅភូមិជ្រុងពពេល ស្រុករមាសហែក ខេត្តស្វាយរៀង។
យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគេមានគ្នាបីនាក់បានបើករថយន្តកូរ៉េមួយគ្រឿងមកពីខេត្តស្វាយរៀងយកមកលក់នៅភ្នំពេញម្ដុំផ្លូវលេខ២០០៤បានលុយ១០.៥០០ដុល្លារ ។ពេលលក់បានលុយហើយក៏បាននាំគ្នាចូលម៉ាស្សាកោសជប់ឲ្យស្រួលខ្លួនបន្តិច។ ខណៈគាត់ដោះខោអាវនិងកាបូបយកទៅព្យួរមិនទាន់បានម៉ាស្សាស្រួលខ្លួនផង ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកស្រែកនៅខាងមុខហាងថា (ប៉ូលិសៗមកហើយ )រួចបានជិះម៉ូតូចេញទៅបាត់ធ្វើឲ្យគេទាំងបីនាក់មានការភិតភ័យដោយខ្លាចប៉ូលិសចាប់ដែរនោះក៏ចេញពីហាងម៉ាស្សាទាំងប្រញាប់ប្រញាល់ហៅកង់បីជិះមកផ្លូវវេងស្រេងរកផ្ទះសំណាក់ដេកនៅម្ដុំបឹងក្រពើ។ ពេលមកដល់ផ្ទះសំណាក់ហើយបានដោះកាបូបស្ពាយចេញ តែដោយមានការសង្ស័យកាបូបស្រាលពេកក៏ឆែកមើលស្រាប់តែបាត់លុយអស់៥.០០០ដុល្លារ ហេីយបែរជាមានលុយដុល្លារខ្មោច៦០០ដុល្លារទៅវិញ ។
ប្រភពដដែលបានបន្តទៀតថា ពេលឃើញបាត់លុយដូច្នេះគាត់ទាំងបីនាក់បានជិះឡំប្រឺតាមកកន្លែងម៉ាស្សាវិញស្រាប់មកដល់គេបិទភ្លើងងងឹតឈឹងនិងយកស្លាកយីហោចេញអស់។ មួយសន្ទុះក្រោយមកក៏មានបងប្អូនអ្នកសារព័ត៌មានជាច្រើនចុះមកសួរនាំនិងធ្វើការឡាយផ្ទាល់ផងដែរ ដើម្បីឲ្យសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ ប៉ុន្តែគ្មានសមត្ថកិច្ចណាម្នាក់មកអើតសួរនាំសោះឡើយ។
ក្រោយមក ជនរងគ្រោះបានជិះឡំប្រឺតាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប១ ទាំងក្ដីអស់សង្ឃឹម ខណៈត្រឡប់ទៅផ្ទះវិញត្រូវដោះស្រាយយ៉ាងណាចំពោះគ្រួសារនូវបញ្ហាខាងលេីនេះ ៕ ដោយ ៖ ភារ៉ា ដង្កោ