ព័ត៌មានទាន់ហេតុការណ៍៖

យកម៉ូតូនិងគ្រឿងអលង្ការរបស់នារីជាសង្សារទៅលក់អស់ត្រូវនារីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសជនសង្ស័យម្នាក់បានយកម៉ូតូនិងគ្រឿងអលង្ការរបស់នារីជាសង្សាររបស់ខ្លួន​ទៅលក់អស់ ខណៈដែលនារីរងគ្រោះទុកគ្រឿងអលង្ការទាំងនោះក្នុងបន្ទប់ដេក​ ហើយនាងជាប់រវល់ងូតទឹកក្នុងបន្ទប់ទឹក ដោយពុំបានចាក់សោបន្ទប់នោះទេ។ ករណីនេះ​បានកើតឡើង​កាលពីថ្ងៃ​ទី១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៦៖០០នាទី នៅចំណុចបន្ទប់ជួលក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​។​
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះសួង សុផល ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្វាយជួរ​ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
ចំណែកជនរងគ្រោះឈ្មោះ នៅ ចន្នី ភេទស្រី អាយុ២៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល​ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មការិនី​។
ចំពោះសម្ភារបាត់បង់មាន៖ ម៉ូតូម៉ាកHONDA ZOOMER-X ពណ៌ផ្កាឈូកលាយខ្មៅចំនួន១គ្រឿង, គ្រឿង
អលង្ការមួយចំនួនសរុបជាទឹកប្រាក់ប្រហែល២.៦១៣ដុល្លារអាមេរិក។
ប្រភពដដែលបន្តថា កន្លងមក​ជនសង្ស័យនិងនារីរងគ្រោះជាសង្សារនឹងគ្នា ហើយរស់នៅក្នុងបន្ទប់ជួលជាមួយគ្នាអស់រយៈពេល២ខែមកហើយ ដោយការរស់នៅមិនសូវចុះសម្រុងនឹងគ្នាទេ។ នារីរងគ្រោះក៏មានចិត្តចង់បែកពីសង្សារនេះដែរ ហើយនាងក៏បានឲ្យប្អូនស្រី២នាក់មកដេកជាមួយ ដើម្បីកុំឲ្យជនសង្ស័យជាសង្សារដេកក្នុងបន្ទប់។ លុះមកដល់ថ្ងៃកើតហេតុ នារីរងគ្រោះបានទុកម៉ូតូ និងគ្រឿងអលង្ការមួយចំនួនក្នុងបន្ទប់ដេក ហើយខ្លួនបានចូលក្នុងបន្ទប់ទឹកងូតទឹក ដោយពុំបានដាក់គន្លឹះទ្វារបន្ទប់ឡើយ។ ខណៈនោះជនសង្ស័យក៏បានចូលទៅក្នុងបន្ទប់រួចយកម៉ូតូនិងគ្រឿងអលង្ការទាំងនោះទៅលក់អស់ រហូតមកដល់ថ្ងៃទី០២ខែធ្នូ​ ឆ្នាំ២០២០​វេលាម៉ោងប្រហែល២០និង០០នាទីយប់ជនរងគ្រោះបានទូរស័ព្ទហៅជនសង្ស័យមកបន្ទប់ជួលរបស់ខ្លួនដើម្បីសួររឿងម៉ូតូនិងក្រដាសបញ្ចាំគ្រឿងអលង្ការ​ ស្រាប់តែជនសង្ស័យថាបានលក់ផ្តាច់អស់ហើយ។ក្រោយមកជនរងគ្រោះក៏បានទៅប្តឹងសមត្ថកិច្ចនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីឱ្យចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ស្អាងជ័យ


ចែករំលែក៖