ក្រសួងយុត្តិធម៌អាមេរិកកំពុងតែពិភាក្សាបើកផ្លូវឲ្យអតីតអគ្គនាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា ហួវៃ លោកស្រី Meng Wanzhou អាចចាកចេញពីប្រទេសកាណាដា វិលត្រឡប់ទៅចិនវិញប្រសិនបើលោកស្រីយល់ព្រមទទួលទោស។
សារព័ត៌មានDow Jones បានដកស្រង់ប្រភពព័ត៌មានពីក្រសួងយុត្តិធម៌អាមេរិក និងមេធាវីរបស់លោកស្រីម៉េង វ៉ាន់ជូ ដែលបានលើកឡើងថា លោកស្រីអាចនឹងរួចផុតពីការចោទប្រកាន់ ប៉ុន្តែលោកស្រីក៏ត្រូវទទួលស្គាល់ការចោទប្រកាន់មួយចំនួនទៅលើលោកស្រីថាបានលាងលុយបំពានច្បាប់ដាក់ទណ្ឌកម្ម ។ ផ្ទុយទៅវិញលោកស្រីនឹងទទួលបានការដោះលែងឲ្យមានសេរីភាពវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ។
ប៉ុន្តែមកទល់ពេលនេះលោកស្រី ម៉េង វ៉ាន់ជូ នៅមិនទាន់ទទួលស្គាល់ការចោទប្រកាន់នោះឡើយ ដោយលោកស្រីចាត់ទុកថានោះជាការចាប់បង្ខំឲ្យទទួលកំហុស ដែលលោកស្រីមិនអាចធ្វើទៅបាន។
លោកស្រីម៉េង វ៉ានជូ ត្រូវបាន កម្លាំងសន្តិសុខកាណាដាចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៨នៅអាកាសយានដ្ឋានអន្តរជាតិVancouver តាមសំណើរបស់អាមេរិក។ លោកស្រីកំពុងរងការចោទប្រកាន់ពីបទបោកប្រាស់ធនាគារ ធ្វើឲ្យធនាគារនោះបំពានច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសអុីរ៉ង់។
បច្ចុប្បន្នលោកស្រីត្រូវបានឃុំខ្លួននៅក្នុងផ្ទះ ក្នុងទីក្រុងVancouver ហើយអាចបន្តនៅទីនោះជាច្រើនឆ្នាំទៀតប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនផ្លាស់ប្តូរឥរិយាបថបញ្ឈប់ការចោទប្រកាន់៕ដោយ៖ធី រីណា