ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រសណ្ដោងរុឺម៉កបើកមិនប្រកាន់ស្ដាំទៅបុករថយន្តកុងតឺន័រដូចគ្នាដែលបើកបញ្ច្រាសគ្នារងរបួសមនុស្សម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តកុងតឺន័របើកមិនប្រកាន់ស្ដាំទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍យកជនរងគ្រោះទៅកាន់មន្ទីរពេទ្យស្រុកស្វាយទាប។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៩និងលេខ១៤០ ក្នុងភូមិលៀប ឃុំកណ្តៀងរាយ ស្រុកស្វាយទាបខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា បុរសដែលបើករថយន្តបង្កហេតុមានឈ្មោះហែម ហុង  អាយុ៥១ឆ្នាំ មុខរបរបើកបរ រស់នៅស្រុកថ្មពួក ខេត្តសៀមរាប  គ្មានរបួសស្នាម ក្រោយមកបានរត់គេចខ្លួនបាត់បន្សល់
ទុករថយន្តកុងតឺន័រម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង៣A- ៧៨៨៨ និងសឺមីសណ្តោងរ៉ឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង ៤A-០៨៨៨។
ចំណែកភាគីអ្នកបើករថយន្តម្ខាងទៀតដែលរងរបួសមានឈ្មោះ វ៉ន រិន  ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរបើកបរ រស់នៅស្រុកស្អាង ខេត្តកណ្តាល។
តាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តកុងតឺន័រសណ្ដោងរឺុម៉កមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង ៣A-៧៨៨៨ និងសឺមីសណ្តោងរ៉ឺម៉ក ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង៤A-០៨៨៨បើកលើផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ដោយមិនប្រកាន់ស្តាំឡើយទើបទៅបុករថយន្តកុងតឺន័រម៉ាក HYUNDAI ពណ៌សខៀវ ពាក់ស្លាកលេខស្វាយរៀង៣F- ២៨៥៤ និងសឺមីសណ្តោងរ៉ឺម៉ក ពណ៌លឿង ពាក់ស្លាកលេខ ស្វាយរៀង ៤A-១៣៦៦ ដែលបើកក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយកើតហេតុអ្នករងរបួសត្រូវបានសមត្ថកិច្ចបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប រីឯមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងខូចខាតធ្ងន់ ត្រូវបានវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖