ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន៤នាក់ទៀត ដែលជាបុគ្គលិក និងអ្នកចូលហាង Pedro និងហាង Zando

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល  បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤នាក់ថែមទៀត ដែលជាបុគ្គលិករបស់ហាង Pedro និងជាអ្នកចូលហាង Zando (បឹងកេងកង) និង Pedro (ផ្លូវព្រះសីហនុ)។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងថ្មីក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ទាំង៤នាក់នេះរួមមាន៖

១-បុរសជនជាតិខ្មែរ ឈ្មោះ អិត កុម៉ាល អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង បានទៅហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

២- បុរសជនជាតិខ្មែរ ឈ្មោះ សន សាន់បញ្ញារិទ្ធ អាយុ២០ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ)។

៣- ស្ត្រីជនជាតិខ្មែរ ឈ្មោះ ឡុង សុខនី អាយុ៣៣ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ)។

៤- បុរសជនជាតិខ្មែរឈ្មោះ ទៅ គឹមហុក អាយុ២៧ឆ្នាំ ស្នាក់នៅបឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទៅហាង Pedro ដែលជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលរកឃើញកូវីដ-១៩។

បច្ចុប្បន្ននេះ អ្នកជំងឺទាំង៤នាក់ ត្រូវបានដាក់សម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមណ្ឌលសុខភាពចាក់អង្រែ ។ 

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩សរុបចំនួន ៣៥៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៤៧នាក់។ ដោយឡែកសម្រាប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ចំនួន១៦០៥ សំណាក បូកបន្ថែមចំនួនវត្ថុសំណាក ដែលទទួលបានពីតាមបណ្តាខេត្ត និងរាជធានី ដែលជាថ្ងៃធ្វើតេស្តលើកទី២ សម្រាប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សុរបចំនួន ៣៤៦៧សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន៤នាក់ (ដែលជាអ្នកជំងឺខាងលើនេះ) ដោយឡែកនៅសល់វត្ថុសំណាក់ចំនួន ៤៩៩៤សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី០៩ ខែធ្នូនេះ៕

ដោយ៖សិលា


ចែករំលែក៖