ខេត្តត្បូងឃ្មុំ ៖ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ម្នាក់ និង៤នាក់ទៀតរងរបួសធ្ងន់និងស្រាលដោយសារតែបេីក បររថយន្តមិនគោរពសិទ្ធិអាទិភាពនិងខ្វះការប្រុងប្រយ័ត្នធ្វើឱ្យរថយន្តពីរគ្រឿងបុកប៉ះគ្នា កាលពីវេលាម៉ោង៦និង៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតនៅក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-7450 ដឹកពងទាបើកបរក្នុងទិសដៅពីត្បូងទៅជើង ។ លុះពេលមកដល់
កន្លែងកើតហេតុបានជ្រុលទៅបុកពេញទំហឹងជាមួយរថយន្តម៉ាស់ស្តា (Mazda) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-2877 ដែលបើកបរក្នុងទិសដៅពីលិចទៅកើត (ផ្លូវបាត់សិទ្ធិអាទិភាព) បណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល៤នាក់ និងរថយន្តខូចខាតទាំងសងខាង។
កំណត់ហេតុសមត្ថកិច្ចបានសរសេរបញ្ជាក់ទៀតថា ក្នុងចំណោមជនរងគ្រោះទាំង៥នាក់ឈ្មោះប៊ុន ជាង ភេទប្រុស អាយុ៨៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកអ្នករងរបួសធ្ងន់និងស្រាល៤នាក់ទៀត រួមមាន ៖ ១-អ្នកបើកបររថយន្តម៉ាស់ស្តា (Mazda) ឈ្មោះ នូ ភារម្យ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ (របួសធ្ងន់), ២-ឈ្មោះ ជា លាងយ៉េង អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ (របួសស្រាល), ៣-ឈ្មោះជា
ហ៊ាង ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ នៅភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសស្រាល) និង៤-អ្នកបើកបររថយន្តសាំយ៉ុង ឈ្មោះ ស្រឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ( របួសធ្ងន់) ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយវាស់វែងតាមជំនាញបច្ចេកទេសសន្និដ្ឋានថា គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងដោយសារកត្តាមិនគោរពសិទ្ធិអាទិភាព និងខ្វះការប្រុងប្រយ័ត្ន។
ចំពោះមធ្យោបាយពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចជំនាញចរាចរណ៍បានយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ស្នងការដ្ឋានខេត្ត ៕ ដោយ ៖ វណ្ណៈ