ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ ព្រមទាំងមន្ដ្រីទាំងអស់ បង្ហាញថា «អវិជ្ជមានកូវីដ-១៩»ករណីលទ្ធផលតេស្ដលើកទី២

ចែករំលែក៖

ភ្នំពេញ ៖ នេះបើយោងតាមការឲ្យដឹងពី នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា ចំពោះលទ្ធផលនៃការធ្វើតេស្ដលើកទី២ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ បង្ហាញថា «អវិជ្ជមាន» ជំងឺកូវីដ-១៩។

ជាមួយសារព័ត៌មានក្នុងស្រុក នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងយ៉ាងដូច្នេះថា «តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ កងការពារ ព្រមទាំងមន្ត្រីសំខាន់ៗទាំងអស់ ដែលបានធ្វើតេស្តជំងឺកូវីដ-១៩ លើកទី២ គឺទទួលបានលទ្ធផលល្អប្រសើ ដោយអវិជ្ជមានទាំងអស់»។
លោកបន្តថា បើតាមទោះបីលទ្ធផលលើកទី២ អវិជ្ជមានជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែសម្ដេចក្រឡាហោម ស ខេង និងមន្ដ្រីដែលមានការពាក់ព័ន្ធ នៅតែធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាបន្តទៀត។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអះអាងថា ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានអំពាវនាវដល់ជនរួមជាតិ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល នគរបាលជាតិ នៃក្រសួងមហាផ្ទៃ បន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសឆ្ងាយពីជំងឺដ៏កាចសាហាវមួយនេះ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៥៦នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានចំនួន ៤៩នាក់។
សូមរក្សាគម្លាត អនាម័យ លាងដៃដោយអាល់កុល ជែល ម៉ាស គ្រប់ទីកន្លែង ខណះកូវីដ១៩ នៅតែបន្តរាលដាល យើងត្រូវប្រយ័ត្នការពារខ្លួនទាំងអស់គ្នា៕

ដោយ, សិលា


ចែករំលែក៖