ខេត្តស្វាយរៀង៖ រថយន្តម៉ាកឡិចសុីសមួយគ្រឿងខណៈបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវអ្នកបើកម៉ូតូបញ្ច្រាសទិសចាប់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣៥នាទីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចលើផ្លូវជាតិលេខ១៣ស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួល ។
បើតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថា បុរសជិះម៉ូតូរងគ្រោះមានឈ្មោះថន ហា អាយុ ៣០ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាស្អាង ឃុំ កំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំណែកអ្នកបើករថយន្តបង្កហេតុត្រូវបានគេស្គាល់ឈ្មោះមុី សារ៉េត ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ២BG-៤៧៩៧លើផ្លូវជាតិលេខ១៣ក្នុងទិសដៅពីជើងទៅត្បូងដោយខ្វះការប្រុងប្រយ័ត្នក៏បានបត់ឆ្វេង
ខណៈនោះស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១N-៦៥៤៩ដែលបើកទិសដៅបញ្ច្រាសគ្នានោះចាប់ហ្វ្រ័ងមិនទាន់ក៏បុកគ្នាបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកសមត្ថកិច្ចចរាចរណ៍បានមកដល់ធ្វើកំណត់ហេតុនិងវាស់វែងអូសយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕ យឹម សុថាន