ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ប្រើឧបករណ៍ឆក់ត្រីខុសបច្ចេកទេសបណ្ដាលឱ្យឆក់ខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែង

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ហេតុការណ៍ឆក់ត្រីខុសបច្ចេកទេសបានឆក់ខ្លួនឯងស្លាប់នោះបានកើតឡើងកាលពីវេលាម៉ោង១៧ៈ១៣នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅត្រង់ចំណុចអូរច្បារស្ថិតក្នុងភូមិស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ប្រភពពីសមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជនរងគ្រោះឈ្មោះ ព្លែន សារ៉េត ភេទ ប្រុស អាយុ១៤ឆ្នាំ ជនជាតិព្នង រស់នៅក្រុមស្រែថាស ស្ថិតក្នុងភូមិស្រែធំ ឃុំ សុខសាន្ត ស្រុកកោះញែក ខេត្ត មមណ្ឌលគិរី។

ប្រភពបន្តថា បុរសនោះបានទៅឆក់ត្រីហើយក៏រអិលជើងដួលចូលក្នុងទឹកខណៈដែលចុចជាប់កុងតាក់បណ្តាលឱ្យឆក់ខ្លួនឯងស្លាប់តែម្តង។

ពេលដែលជនរងគ្រោះទៅឆក់ត្រីនោះមានគ្នាចំនួន២នាក់ ម្នាក់ទៀតឈ្មោះ អាន ក្លើប ភេទប្រុស អាយុ១០ឆ្នាំ ជន
ជាតិព្នង ជាអ្នកនៅផ្ទះជិតគ្នា គេប្រុងចូលទៅជួយដែរតែពេលទៅជិតក៏ឆក់ដែរទើបថយក្រោយវិញមិនហ៊ានចូលទៅជួយហេីយបានរត់មកផ្ទះប្រាប់ឪពុកម្តាយបងប្អូនអ្នកនៅក្នុងភូមិឱ្យទៅជួយ ប៉ុន្តែជាអកុសលពេលបងប្អូនទៅដល់ឃេីញជនរងគ្រោះនោះដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យសាកសពជនរងគ្រោះរួចក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖