កាលពីព្រេងនាយ មានបុរសពីរនាក់ ជាសម្លាញ់នឹងគ្នា មួយឈ្មោះចៅសុក្រ មួយឈ្មោះចៅសៅរ៍ បានបួសនៅវត្តជាមួយគ្នា ។ បួសយូរបន្តិចទៅ ក៏សឹកមកវិញ សឹកមកហើយក៏ជាសម្លាញ់នឹងគ្នាទៀត សន្យានឹងគ្នាថា« បើនរណាក្រ ត្រូវជួយគ្នា » ហើយបុរសទាំងពីរនាក់ក៏មានប្រពន្ធកូន នៅរកស៊ីទីទៃពីគ្នា ។ ចៅសុក្ររកស៊ីទៅមានទ្រព្យរបស់ច្រើន ។ ឯចៅសៅរ៍ល្ងង់ខ្លៅក្រលំបាក ហើយប្រពន្ធក៏មានសហាយផង ។ ចៅសុក្រដឹងថា ប្រពន្ធចៅសៅរ៍មានសហាយ ហើយក្រលំបាកដូច្នោះ ក៏ទៅសួរចៅសៅរ៍, ទៅដល់ឃើញចៅសៅរ៍ក្រលំបាកណាស់មែន ក៏បបួលចៅសៅរ៍ទៅរកស៊ី ហើយនិយាយថា «ត្រូវឯងតាមពាក្យអញ » ។ ចៅសៅរ៍ក៏ព្រមតាមពាក្យចៅសុក្រ ។ ចៅសុក្របបួលចៅសៅរ៍ទៅកាប់ឈើ ធ្វើក្ដារមឈូសលក់ ។ ចៅសៅរ៍តាមពាក្យចៅសុក្រ ក៏ព្រមទៅជាមួយគ្នា ។ ឯកូនសេដ្ឋីដែលសហាយនឹងនាងប៉ិចឮ ជាប្រពន្ធចៅសៅរ៍ ឃើញចៅសៅរ៍មិននៅផ្ទះ ក៏ទៅដេកនឹងប្រពន្ធចៅសៅរ៍ រួចហើយវិលទៅផ្ទះវិញ ។ ចៅសុក្រនិងចៅសៅរ៍ធ្វើក្ដារមឈូសបានមួយ ក៏យកមកដាក់ក្នុងផ្ទះ ហើយទៅធ្វើក្ដារមឈូសទៀត ។ កូនសេដ្ឋីក៏ទៅដេកនឹងនាងប៉ិចទៀត ។ ដល់ពាក់កណ្ដាលអធ្រាត្រចៅសុក្រនិងចៅសៅរ៍មកផ្ទះវិញ ។ ចៅសុក្រខំដើរប្រញាប់មកមុន ស្រែកហៅប្រពន្ធចៅសៅរ៍ឲ្យបើកទ្វារ ។ ឯកូនសេដ្ឋីក៏ភិតភ័យរត់ពុំរួច នាងប៉ិចប្រាប់សហាយឲ្យចូលដេកក្នុងក្ដារមឈូស ហើយទៅបើកទ្វារ ឲ្យចៅសុក្រចៅសៅរ៍ចូលទៅក្នុងផ្ទះ ។ នាងប៉ិចសួរថា «ដូចម្ដេចក៏បានជាវិលមកវិញ ? ចៅសៅរ៍ប្រាប់ថា « ចៅសុក្រ ឈឺក្បាលហៅវិលមកវិញ » ហើយចៅសៅរ៍ប្រាប់ទៅនាងប៉ិចឲ្យដណ្ដាំបាយស៊ី, ស៊ីបាយរួចហើយ ដោយចៅសុក្រដឹងថា សហាយនាងដេកនៅក្នុងក្ដារមឈូស ក៏ប្រាប់ទៅចៅសៅរ៍ថា « រកផ្ដៅមកចងក្ដារមឈូសទុកក្រែងចោរលួច » ។ ចៅសៅរ៍ ក៏យកផ្ដៅទៅចងរួចស្រេច ហើយយកដែកគោលបោះថែមទៀត ។ ឯចៅសៅរ៍ពុំដឹងជាប្រពន្ធមានសហាយ ក៏ធ្វើតាមពាក្យចៅសុក្របង្គាប់ ។ លុះព្រឹកឡើងចៅសៅរ៍ ប្រើនាងប៉ិចជាប្រពន្ធឲ្យទៅទិញអីវ៉ាន់, នាងប៉ិចក៏ហួសទៅប្រាប់សេដ្ឋីថា «ឲ្យសេដ្ឋីចាំទិញមឈូស ត្បិតកូនសេដ្ឋី ទៅដេកនឹងខ្ញុំ ប្ដីខ្ញុំមកទាន់ បានរត់ចូលដេកក្នុងមឈូស, ឥឡូវនេះប្ដីខ្ញុំសែងយកមកដល់ព្រឹកនេះហើយ»។ ប្រាប់ហើយនាងប៉ិចក៏ត្រឡប់ទៅផ្ទះវិញ ។ លុះចៅសុក្រ និងចៅសៅរ៍ ស៊ីបាយរួច ក៏សែងមឈូសយកទៅលក់ ។ សេដ្ឋីឲ្យខ្ញុំមួយនាក់ចាំមើលផ្លូវ ផ្ដាំថា «បើឃើញអ្នកណាសែងក្ដារមឈូសមកដល់ ឲ្យរត់ទៅហៅយើង » ។ ចៅសុក្រ និងចៅសៅរ៍ សែងក្ដារមឈូសមកដល់ផ្ទះសេដ្ឋី ស្រែកពពាយនាយថា «អ្នកណាទិញក្ដារមឈូសទេ » ។ សេដ្ឋីឮសួរថា «លក់តម្លៃប៉ុន្មាន ? ចៅសុក្រប្រាប់ថា «ឲ្យចាក់ប្រាក់ពីដីឡើង ស្មើនឹងមឈូស » ។ សេដ្ឋីសុំតថ្លៃ ក៏ចៅសុក្រមិនព្រម ។ សេដ្ឋីក៏ប្រើខ្ញុំកំដរឲ្យយកប្រាក់មកចាក់ ស្មើនឹងមឈូស ហើយចៅសុក្រ និងចៅសៅរ៍យកប្រាក់ទៅចែកគ្នា ។ សេដ្ឋីគាស់មឈូសយកកូនចេញ ។ ក្រោយមកចៅសៅរ៍ យកនាងប៉ិចជាប្រពន្ធដូចដែលវិញ ៕
(អូសទូកមិនឲ្យល្អាន ចាប់ត្រីបាន មិនឲ្យល្អក់ទឹក)
កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)