ព័ត៌មានទាន់ហេតុការណ៍៖

លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយកែវរមៀតស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

.   ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានលើកឡើងថា, យោងលើខ្លឹមសារពិធីសារស្តីអំពី “លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយកែវរមៀតស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែមិថុនាកន្លងមក អគ្គនាយកដ្ឋានកសិកម្មបាននិងកំពុងអនុវត្តខ្លឹមសារនៃពិធីសារនេះក្នុងស្មារតីយកចិត្តទុកដាក់ឲ្យបានសមស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យដែលភាគីចិនបានតម្រូវ។ ជាក់ស្តែង គិតមកទល់ថ្ងៃទី១៤ ខែធ្នូនេះ អគ្គនាយកដ្ឋានកសិកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់បានចំនួន ៤៨ ក្នុងនោះមានក្រុមហ៊ុន ម្ចាស់ចម្ការ និងសហគមន៍កសិកម្មដែលមានផ្ទៃដីដាំដុះដំណាំស្វាយសរុបចំនួន ២៨ ៣៤៥,៧០ហ.ត ដើម្បីធ្វើការវាយតម្លៃលើលក្ខណសម្បត្តិគ្រប់បែបយ៉ាង។ 

ក្នុងដំណាក់កាលទី១ អគ្គនាយកដ្ឋានកសិកម្មបានបញ្ចប់ដំណើរការពិនិត្យ និងវាយតម្លៃលើលក្ខណសម្បត្តិរបស់កសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យចំនួន០៥ និងទីតាំងវេចខ្ចប់ចំនួន០១។ ភារកិច្ចចំពោះមុខ អគ្គនាយកដ្ឋានកសិកម្មនឹងបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសដល់បណ្ដាក្រុមហ៊ុន ម្ចាស់ចម្ការ កសិដ្ឋាន សហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធ ដែលបានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ ហើយក៏នឹងអញ្ជើញតំណាងក្រុមហ៊ុននាំចេញស្វាយ សហគមន៍កសិកម្ម ម្ចាស់ចម្ការ និងមន្ត្រីជំនាញមកពីមន្ទីរកសិកមម្មខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កំពង់ធំ បាត់ដំបង និងស្ទឹង ត្រែងឲ្យចូលរួមផងដែរ។ មួយវិញទៀត អគ្គនាយកដ្ឋានបាននិងកំពុងចុះវាយតម្លៃលើហេដ្ឋារចនា សម្ព័ន្ធការធ្វើប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើទឹកក្តៅ (Hot Water Treatment, HWT) និងចំហាយទឹកក្តៅ (Vapor Heat Treatment, VHT)។ យោងលើលក្ខខណ្ឌបច្ចេក ទេសមានក្រុមហ៊ុនចំនួន ០៣ ត្រូវបានធ្វើការវាយតម្លៃលើ HWT និង ០១ លើ VHT រួមមាន៖ 

 ១- ក្រុមហ៊ុន បឹងកេត ហ្វ្រេស ហ៊្រូត ឯ.ក ក្រុមហ៊ុន Long Wo Agriculture(Cambodia) Co., Ltd ក្រុមហ៊ុនទាំងពីរមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ និងក្រុមហ៊ុន អាល់ហ្សាហ្ស៊ីលេន ហ្វ៊ូដ ភីធីអ៊ី មានទីតាំងក្នុងផ្សារហ៊ុនទី ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំង ៣ កំពុងតម្លើងម៉ាស៊ីន HWT គ្រោងនឹងបញ្ចប់នៅដំណាច់ខែធ្នូនេះ។

 ២- ក្រុមហ៊ុន បាមីន អេហ្រ្គីខលឈ័រ ហាយ-ថេក ឌីវេឡុបម៉ិន ឯ.ក មានទីតាំងនៅស្រុកកំពង់ សីលា ខេត្តព្រះសីហនុ កំពុងតម្លើងម៉ាស៊ីន VHT គ្រោងនឹងបញ្ចប់នៅដំណាច់ខែធ្នូនេះ៕

ដោយ៖ សិលា


ចែករំលែក៖