ព័ត៌មានទាន់ហេតុការណ៍៖

សហភាព​អឺរ៉ុប (EU)៖ ចេញ​សេចក្តីព្រាងច្បាប់​ថ្មី​មួយ សំដៅ​រឹតបន្តឹង​ការគ្រប់គ្រង និង​ការពិន័យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ

ចែករំលែក៖

អន្តរជាតិ៖ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា៖ Google, Amazon និងFacebook ជាដើម នៅថ្ងៃទី១៥ ធ្នូ ឆ្នាំ២០២០ សហភាពអឺរ៉ុប (EU) បានចេញសេចក្តីព្រាងច្បាប់ថ្មីមួយ សំដៅរឹតបន្តឹងការគ្រប់គ្រង និងការពិន័យ​​មិនតែប៉ុណ្ណោះ សហភាពអឺរ៉ុបអះអាងថា ច្បាប់នេះ គឺចាំបាច់ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំងនោះ កំពុងក្លាយជាការគំរាមដល់ការប្រកួតប្រជែងដោយសេរី និងប្រជាធិបតេយ្យ

ដើម្បីគ្រប់គ្រងប្រតិបត្តិការរបស់ពួកគេ EU ចេញសេចក្ដីព្រាងច្បាប់ពីរ គឺសេចក្ដីព្រាងច្បាប់សេវាកម្មឌីជីថល និងទីផ្សារឌីជីថល ព្រោះចែងពីការដាក់ពិន័យជាប្រាក់ដ៏ច្រើន ហាមមិនឲ្យក្រុមហ៊ុនចូលធ្វើជំនួញក្នុងទីផ្សាអឺរ៉ុបទៅទៀតខណៈក្រុមហ៊ុបច្ចេកវិទ្យាធំទាំងនោះ កំពុងប្រឈមមុខការរឹតបន្តឹងកាន់តែខ្លាំង ស្របពេលជំនួញរបស់ពួកគេរីកកាន់តែធំ ហើយត្រូវបានមើលឃើញថា មានឥទ្ធិពលខ្លាំងសឹងតែមិនអាចគ្រប់គ្រងបានទៅហើយ

បើតាមសេចក្ដីព្រាងច្បាប់ថ្មីនេះ បើកផ្លូវឲ្យ EU ដាក់ពិន័យលើក្រុមហ៊ុនទាំងឡាយណាដែលចុះផ្សាយមាតិកាខុសច្បាប់ដូចជាការឃោសនាជ្រុលនិយម ពាក្យសម្តីដែលនាំឲ្យមានហិង្សានិងការស្អប់ រូបភាពអាសអាភាសរបស់កុមារ និងព័ត៌មានមិនពិត ជាមួយគ្នា EU នឹងមានអំណាចច្រើនជាងមុនក្នុងការអនុវត្តច្បាប់ប្រកួតប្រជែងដោយអាចទាមទារឲ្យមានតម្លាភាពជាងមុនក្នុងការប្រើប្រាស់ Algorithm និងការប្រើប្រាស់ទិន្ន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដោយក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះផងដែរ

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថាក្រុមហ៊ុនបច្ចេកវិទ្យាចំនួន១០ដែលស្ថិតនៅក្រោមការគ្រប់គ្រងដ៏តឹងតែងនៃច្បាប់ថ្មីនេះមាន Google, Facebook, Amazon, Apple, Microsoft, SnapChat, Alibaba, Bytedance, Samsung និង​Booking.com​

ដោយឡែកចំពោះការពិន័យវិញ សេចក្ដីព្រាងច្បាប់នេះ កំណត់ពីការពិន័យរហូតដល់ទៅ១០ភាគរយនៃប្រាក់ចំណូលរបស់ក្រុមហ៊ុន បើត្រូវបានរកឃើញថា ល្មើសយ៉ាងធ្ងន់ធ្ងរទៅលើវិធានទាំងឡាយនៃការប្រកួតប្រជែងទីផ្សារ ឈានដល់ការបំបែកក្រុមហ៊ុនតែម្តង បន្ថែមពីនេះបើក្រុមហ៊ុននៅតែបន្តល្មើសច្បាប់ប្រកួតប្រជែងដដែលជាដដែល ប៉ះពាល់ដល់សន្តិសុខពលរដ្ឋអឺរ៉ុប ក្រុមហ៊ុននោះនឹងប្រឈមការពិន័យប្រាំមួយភាគរយនៃប្រាក់ចំណូល ហាមជាបណ្តោះអាសន្នមិនឲ្យរកស៊ីក្នុងទីផ្សាអឺរ៉ុបតែម្ដង

ទាក់ទិននឹងរឿងនេះដែរ ស្នងការទទួលបន្ទុកឌីជីថល និងការប្រកួតប្រជែងលោកស្រី Margrethe Vestager បានលើកឡើងថា សេចក្ដីច្បាប់នេះមានបំណងក្នុងការរៀបចំសណ្តាប់ធ្នាប់ ក៏ដូចជាកាត់បន្ថយឥទ្ធិពលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗក្នុងការគ្រប់គ្រងទីផ្សារ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១៥ ខែធ្នូ លោកស្រីអះអាងថា ច្បាប់ថ្មីនេះនឹងធានាពីសេវាកម្មដែលមានសុវត្ថិភាព និងជឿទុកចិត្តបាន ដោយការពារសេរីភាពក្នុងការបញ្ចេញមតិ

ជាក់ស្តែងសេចក្តីព្រាងច្បាប់ខាងលើនេះ ត្រូវទទួលសច្ចាប័នពីរដ្ឋជាសមាជិកទាំងអស់ ក៏ដូចជាសភាអឺរ៉ុប ដែលជានីតិវិធីដ៏យូរ និងស្មុគស្មាញមុននឹងអនុវត្តបាន ក្នុងពេលនេះ ក្រុមហ៊ុនខាងលើ ក៏ដូចជាសមាគមជំនួញ ក៏នឹងព្យាយាមបញ្ចុះបញ្ចូលដើម្បីធ្វើយ៉ាងណាឲ្យច្បាប់នេះផ្តល់ផលប្រយោជន៍ដល់ខ្លួនខ្លះវិញដែរ

គួរបញ្ជាក់ថា ជាក់ស្តែងក្រុមហ៊ុន Google, Facebook និង Apple សុទ្ធតែធ្លាប់រងពិន័យរាប់ពាន់លានដុល្លារដោយស្នងការអឺរ៉ុប តុលាកាអឺរ៉ុបចំពោះការល្មើសច្បាប់ទាំងនោះ ខណៈសហភាពអឺរ៉ុប ត្រូវបានសង្កេតឃើញថា កំពុងនាំមុខប្រទេសឯទៀត ក្នុងការគ្រប់គ្រង ក៏ដូចជាពិន័យក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅពេលល្មើសនឹងច្បាប់ប្រកួតប្រជែង ក៏ដូចជាការការពារទិន្ន័យអ្នកប្រើប្រាស់ដោយ៖ស តារា


ចែករំលែក៖