ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូសណ្តោងរុឺម៉កបើកបញ្ច្រាសទិសគ្នារបួសធ្ងន់ម្នាក់តែសំណាងដែរដែលមិនធ្លាក់ចូលប្រឡាយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជាងផ្សារដែកម្នាក់បានរងរបួសធ្ងន់ តែសំណាងដែរដែលមិនធ្លាក់ទឹកប្រឡាយ ខណៈត្រូវរថយន្តមិនស្គាល់ម៉ាកបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ហើយជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចជួយសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០២០ត្រង់ចន្លោះគីឡូម៉ែត្រ​លេ១១១-១១២​ នៅចំណុចភូមិ​ ព្រែកទប់​ ឃុំស្វាយជ្រំ​ ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ហោ​ ភ័ត​ អាយុ៣០ឆ្នាំ មុខរបរ​ជាជាងផ្សារដែក​ រស់នៅភូមិឫស្សីជួរខាងត្បូង​ ឃុំក្រោលគោ​ ស្រុកស្វាយជ្រំ។

ចំណែកអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេក្រោយឃើញសភាពការណ៍មិនស្រួលបានគេចខ្លួនបាត់ភ្លាមៗ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានបើកម៉ូតូសណ្តោងរុឺម៉ក​មួយគ្រឿងម៉ាក​យ៉ាម៉ាហាសាលូត គ្មានស្លាកលេខលើលើដងផ្លូវត្រង់ចន្លោះគីឡូម៉ែត្រ​ ១១១-១១២​
ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់បញ្ច្រាសទិសគ្នាមកបុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករងរបួសត្រូវបានសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀងនិងធ្វើការវាស់វែងអូសយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីរង់ចាំដោះស្រាយពេលក្រោយតាមច្បាប់៕យឹម សុថាន


ចែករំលែក៖