ភ្នំពេញ៖ ទន្ទឹមនឹងការផ្សព្វផ្សាយព័ត៌មាន របស់ស្ថាប័នអង្គភាពព័ត៌មាន និងអ្នកសារព័ត៌មាន សរសេរព័ត៌មានពិត ប្រកបដោយវិជ្ជាជីវៈ ពិសេសក្នុងស្ថានភាពជំងឺកូវីដ-១៩ គឺបានផ្ដល់ព័ត៌មានពិតជូនជ្រាបដល់ប្រជាពលរដ្ឋ ចាត់ទុកថាជាការចូលរួមចំណែកយ៉ាងធំធេងរបស់អ្នកសារពត៌មាន ជាមួយស្ថាប័នពាក់ព័ន្ធនឹងរាជរដ្ឋាភិបាលកម្ពុជា។
តាមរយៈវេទិកានិពន្ធនាយកសារព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុនសែន បានរំលឹកថា, ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ និងគោរពគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការ សុវត្ថិភាពរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ និងចូលរួមប្រឆាំង ទប់ស្កាត់ និងលុប បំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍។
សម្ដេចមានប្រសាសន៍លើកឡើងថា, ទន្ទឹមនេះ ក៏សូមឱ្យស្ថាប័នព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយ ផ្សព្វផ្សាយព័ត៌មានពិត និងធ្វើការបកស្រាយឱ្យបានទាន់សភាពការណ៍ដើម្បីបន្សាប និងបំផ្លាញចោល រាល់ព័ត៌មានក្លែងក្លាយរបស់ក្រុមអគតិ ក្រុមឱកាសនិយម ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និង បណ្តាញសង្គមនានាដើម្បីបំពុលបរិយាកាសសង្គមនិងក្រុមទុច្ចរិត ដែលកំពុងជ្រកក្រោមស្លាកស្ថាប័ន សារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃកិត្យានុភាព កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់ស្ថាប័ន សារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលអនុវត្តតាមវិជ្ជាជីវៈត្រឹមត្រូវ៕
ដោយ៖ សុខ ខេមរា