ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែអាចគ្រប់គ្រងសភាពការណ៍បាន ពីមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាលើកដំបូង នៅក្នុងសហគមន៍

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា, ទោះបីជា កម្ពុជាមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាលើកដំបូងនៅក្នុងសហគមន៍ក៏បញ្ហានេះ រាជរដ្ឋាភិបាលនៅតែអាចគ្រប់គ្រងសភាពការណ៍បាន ហើយបើធៀបជាមួយប្រទេសក្នុងតំបន់ គឺចំនួនអ្នក ឆ្លងមេរោគកូវីដ-១៩នៅកម្ពុជាមានចំនួនតិចហើយត្រូវបានព្យាបាលឱ្យជាសះស្បើយ ដោយគ្មានប្រជាពលរដ្ឋ ខ្មែរ ឬជនបរទេសណាម្នាក់ស្លាប់ដោយសារជំងឺនេះនៅកម្ពុជាឡើយ។
សម្ដេចបានចាត់ទុកថា, នេះគឺជាជោគជ័យដ៏ធំធេងដោយមាន ការទទួលខុសត្រូវ និងកិច្ចសហការល្អរបស់ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបាន យកចិត្តទុកដាក់អនុវត្តវិធានការបន្ទាន់ និងចាំបាច់មួយចំនួនរបស់រាជរដ្ឋាភិបាល ព្រមទាំងមានការ ចូលរួមយ៉ាងសកម្មពីស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយ និងឆ្លើយតបបានទាន់ ពេលវេលា។ កត្តាទាំងនេះ ហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ ភាពជាដៃគូមិនអាចខ្វះបានរវាងរាជរដ្ឋាភិបាលជាមួយស្ថាប័នព័ត៌មានក្នុងការអភិវឌ្ឍប្រទេសជាតិ និងការ ថែរក្សាសុខសន្តិភាពនៅកម្ពុជា។

តាមរយៈថ្ងៃនេះជាថ្ងៃវេទិកានិពន្ធនាយកសារព័ត៌មាន សម្ដេចក៏បានរំលឹកថា , ជាមួយគ្នានេះដែរ ឆ្លងកាត់បទពិសោធន៍ និងឧបសគ្គការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ខ្ញុំសង្ឃឹមថា វេទិកានិពន្ធនាយកសារព័ត៌មានឆ្នាំ២០២០នេះ នឹងមានកិច្ចពិភាក្សាស៊ីជម្រៅអំពីការបំពេញភារកិច្ចលើវិស័យ សារព័ត៌មានក្នុងបរិបទថ្មីនៃបញ្ហាប្រឈមការរាតត្បាតសកល ដែលជាឧបសគ្គនៃការបំពេញភារកិច្ចរបស់ អ្នកសារព័ត៌មាននិងការប្រឆាំងព័ត៌មានក្លែងក្លាយដែលបង្កមហន្តរាយដល់សង្គមជាអាទិភាព។ សម្ដេចបន្តថា, បញ្ហានេះ ខ្ញុំសូមឱ្យថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានទាំងអស់យកចិត្តទុកដាក់សហការជាមួយក្រសួង ស្ថាប័នជំនាញ ពាក់ព័ន្ធក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់បងប្អូនអ្នកសារព័ត៌មានរបស់យើងឱ្យដើរទាន់ការវិវឌ្ឍ បច្ចេកវិជ្ជាប្រព័ន្ធផ្សព្វផ្សាយឌីជីថលជាមួយនឹងការបង្កើតឡើងនូវកាលានុវត្តភាព ដើម្បីសម្របសម្រួលដល់ ការបំពេញភារកិច្ចរបស់បងប្អូនអ្នកសារព័ត៌មានប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៅក្នុងបរិបទនៃជំងឺ រាតត្បាតសកលដែលអាចប្រឈមនៅក្នុងពេលអនាគត ដែលមិនអាចប៉ាន់ស្មានបាន៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖