ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះអ្នកសារព័ត៌មាន ដែលបានសរសេរនិងផ្សព្វផ្សាយព័ត៌មានពិត ជូនជ្រាបដល់ប្រជាពលរដ្ឋបានដឹង ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ,”ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសកលលោកទាំងមូល កំពុងទទួល រងគ្រោះមហន្តរាយដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដ៏គួរឱ្យព្រួយបារម្ភ ក្រុមអ្នកនយោបាយបក្សប្រឆាំង និងក្រុមឱកាសនិយមមួយចំនួនដែលប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា បានប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនានាធ្វើការផ្សព្វផ្សាយដំណឹងក្លែងក្លាយបំភ្លៃការពិត បំប៉ោង សភាពការណ៍ បំពុលបរិយាកាសសង្គម ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម ហើយទំលាក់ កំហុសមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ហើយអូសទាញ ប្រទេសជាតិឱ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដើម្បីបម្រើមហិច្ចតាលោភលន់របស់ពួកគេ។ ប៉ុន្តែរាល់ឧបាយកល ដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយមទាំងនេះត្រូវបានទទួលបរាជ័យជាបន្តបន្ទាប់ដោយចំណាត់ការ សមស្រប និងបានទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីស្ថាប័នសារព័ត៌មាន ដែល បានផ្សព្វផ្សាយព័ត៌មាន និងធ្វើការបកស្រាយអំពីល្បិចកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយម ជូនប្រជាពលរដ្ឋបានយល់ ដឹងពីសភាពការណ៍ពិតនៅកម្ពុជា”។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ ខណៈសម្ដេចចេញ សារលិខិត សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី “តួនាទីសារព័ត៌មានក្នុងបរិបទ ជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ” នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០៕
ដោយ៖ សុខ ខេមរា