ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី “តួនាទីសារព័ត៌មានក្នុងបរិបទ ជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ- នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងនោះសម្ដេចបានមានប្រសាសន៍ថា,! លោកនិពន្ធនាយកសារព័ត៌មាន ជាទីស្រឡាញ់រាប់អានទាំងអស់គ្នា! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ សូមចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលក្លិបអ្នក កាសែតកម្ពុជា បានរៀបចំឡើងជារៀងរាល់ឆ្នាំ ជាការជួបជុំនិពន្ធនាយកនៃស្ថាប័នសារព័ត៌មាន ដែលកំពុង បំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ដែលបាន អនុវត្តនាពេលកន្លងមក និងកំណត់ទិសដៅសម្រាប់អនុវត្តបន្ត ក្នុងគោលបំណងបង្កើនសមត្ថភាពយល់ដឹង របស់អ្នកសារព័ត៌មាន ក្នុងការបំពេញការងារតាមក្រមសីលធម៌ វិជ្ជាជីវៈ ប្រកបដោយ ការទទួល ខុសត្រូវ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព គុណតម្លៃ កិត្យានុភាពរបស់ស្ថាប័នព័ត៌មាន និងសេរីភាពខាង សារព័ត៌មាន ដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២០ បានលើកយកប្រធានបទស្តីពី “តួនាទីសារព័ត៌មាន ក្នុងបរិបទជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ គឺពិតជាមានសារសំខាន់ និងសមស្របតាមការវិវត្ត នៃសភាពការណ៍ជាក់ស្ដែងនាពេលបច្ចុប្បន្ន ដែលសកលលោកទាំងមូលបាននិងកំពុងប្រឈមទៅនឹងការ រីករាលដាលនៃជំងឺកូវីដ-១៩ ជាជំងឺឆ្លងសកលដ៏កាចសាហាវដែលរហូតមកដល់ពេលនេះ បានបង្កគ្រោះ មហន្តរាយយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល សុខភាពសាធារណៈ និងបានឆក់យកអាយុជីវិតមនុស្សនៅ ទូទាំងសកលលោក អស់ជិត២លាននាក់ ហើយមនុស្សជាង៥៩លាននាក់ទៀតកំពុងផ្ទុកមេរោគកូវីដ-១៩ បានធ្វើឱ្យប្រទេសមួយចំនួនសម្រេចចិត្តដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាអាសន្ន បិទប្រទេសផ្អាកការឆ្លង កាត់ដែលជាការកាត់ផ្តាច់ស្ទើរតែទាំងស្រុងនៃប្រព័ន្ធសកលភាវូបនីយកម្មធ្វើឱ្យសេដ្ឋកិច្ចសកលលោក មាន ការធ្លាក់ចុះយ៉ាងគំហុក សុខភាពសាធារណៈត្រូវបានគំរាមកំហែង និងប្រឈមទៅនឹងការបាត់បង់អាយុជីវិត មនុស្សដែលមិនអាចប៉ាន់ស្មានបាន។
ស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសកលលោកទាំងមូល កំពុងទទួល រងគ្រោះមហន្តរាយដែលបង្កឡើងដោយជំងឺកូវីដ-១៩ ដ៏គួរឱ្យព្រួយបារម្ភ ក្រុមអ្នកនយោបាយបក្សប្រឆាំង និងក្រុមឱកាសនិយមមួយចំនួនដែលប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា បានប្រើប្រាស់ប្រព័ន្ធ ផ្សព្វផ្សាយ និងបណ្តាញទំនាក់ទំនងសង្គមនានាធ្វើការផ្សព្វផ្សាយដំណឹងក្លែងក្លាយបំភ្លៃការពិត បំប៉ោង សភាពការណ៍ បំពុលបរិយាកាសសង្គម ដើម្បីបង្កភាពវឹកវរ និងចលាចលនៅក្នុងសង្គម ហើយទំលាក់ កំហុសមកលើរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ហើយអូសទាញ ប្រទេសជាតិឱ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ដើម្បីបម្រើមហិច្ចតាលោភលន់របស់ពួកគេ។ ប៉ុន្តែរាល់ឧបាយកល ដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយមទាំងនេះត្រូវបានទទួលបរាជ័យជាបន្តបន្ទាប់ដោយចំណាត់ការ សមស្រប និងបានទាន់ពេលវេលារបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីស្ថាប័នសារព័ត៌មាន ដែល បានផ្សព្វផ្សាយព័ត៌មាន និងធ្វើការបកស្រាយអំពីល្បិចកលដ៏ពិសពុលរបស់ក្រុមអគតិ និងពួកឱកាសនិយម ជូនប្រជាពលរដ្ឋបានយល់ ដឹងពីសភាពការណ៍ពិតនៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះបងប្អូនអ្នកសារព័ត៌មាន និងស្ថាប័ន សារព័ត៌មាន ដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លងមក ទោះបីសភាពការណ៍នៅលើសកលលោក ក៏ ដូចជានៅព្រះរាជាណាចក្រកម្ពុជា កំពុងប្រឈមទៅនឹងការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ ទៅក្នុង សហគមន៍ ក៏បងប្អូនអ្នកសារព័ត៌មានបានខិតខំពុះពាររាល់ឧបសគ្គដែលប្រឈមនឹងគ្រោះថ្នាក់ និងជំនះ រាល់ការលំបាកនានា ដើម្បីបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន បានរហ័សទាន់ពេលវេលាជូនប្រជាពលរដ្ឋបានដឹងដើម្បីស្វែងយល់អំពីសភាពការណ៍ពិត ដែលបានកើត ឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការវិវត្តនៃសភាពការណ៍សកលលោក ជាពិសេសបានធ្វើការ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងរហ័សទាន់ពេលវេលានូវវិធានការទាំងឡាយរបស់រដ្ឋាភិបាល ក៏ដូចជា ការអប់រំ និងវិធានការសុវត្ថិភាពនានារបស់ក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។
បងប្អូនអ្នកសារព័ត៌មាន ជាទីស្រឡាញ់រាប់អាន, !
ទោះបីជា កម្ពុជាមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាលើកដំបូងនៅក្នុងសហគមន៍ក៏បញ្ហានេះ រាជរដ្ឋាភិបាលនៅតែអាចគ្រប់គ្រងសភាពការណ៍បាន ហើយបើធៀបជាមួយប្រទេសក្នុងតំបន់ គឺចំនួនអ្នក ឆ្លងមេរោគកូវីដ-១៩នៅកម្ពុជាមានចំនួនតិចហើយត្រូវបានព្យាបាលឱ្យជាសះស្បើយ ដោយគ្មានប្រជាពលរដ្ឋ ខ្មែរ ឬជនបរទេសណាម្នាក់ស្លាប់ដោយសារជំងឺនេះនៅកម្ពុជាឡើយ។ នេះគឺជាជោគជ័យដ៏ធំធេងដោយមាន ការទទួលខុសត្រូវ និងកិច្ចសហការល្អរបស់ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបាន យកចិត្តទុកដាក់អនុវត្តវិធានការបន្ទាន់ និងចាំបាច់មួយចំនួនរបស់រាជរដ្ឋាភិបាល ព្រមទាំងមានការ ចូលរួមយ៉ាងសកម្មពីស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយ និងឆ្លើយតបបានទាន់ ពេលវេលា។ កត្តាទាំងនេះ ហើយដែលរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ ភាពជាដៃគូមិនអាចខ្វះបានរវាងរាជរដ្ឋាភិបាលជាមួយស្ថាប័នព័ត៌មានក្នុងការអភិវឌ្ឍប្រទេសជាតិ និងការ ថែរក្សាសុខសន្តិភាពនៅកម្ពុជា។
ជាមួយគ្នានេះដែរ ឆ្លងកាត់បទពិសោធន៍ និងឧបសគ្គការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ខ្ញុំសង្ឃឹមថា វេទិកានិពន្ធនាយកសារព័ត៌មានឆ្នាំ២០២០នេះ នឹងមានកិច្ចពិភាក្សាស៊ីជម្រៅអំពីការបំពេញភារកិច្ចលើវិស័យ សារព័ត៌មានក្នុងបរិបទថ្មីនៃបញ្ហាប្រឈមការរាតត្បាតសកល ដែលជាឧបសគ្គនៃការបំពេញភារកិច្ចរបស់ អ្នកសារព័ត៌មាននិងការប្រឆាំងព័ត៌មានក្លែងក្លាយដែលបង្កមហន្តរាយដល់សង្គមជាអាទិភាព។ បញ្ហានេះ ខ្ញុំសូមឱ្យថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានទាំងអស់យកចិត្តទុកដាក់សហការជាមួយក្រសួង ស្ថាប័នជំនាញ ពាក់ព័ន្ធក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់បងប្អូនអ្នកសារព័ត៌មានរបស់យើងឱ្យដើរទាន់ការវិវឌ្ឍ បច្ចេកវិជ្ជាប្រព័ន្ធផ្សព្វផ្សាយឌីជីថលជាមួយនឹងការបង្កើតឡើងនូវកាលានុវត្តភាព ដើម្បីសម្របសម្រួលដល់ ការបំពេញភារកិច្ចរបស់បងប្អូនអ្នកសារព័ត៌មានប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៅក្នុងបរិបទនៃជំងឺ រាតត្បាតសកលដែលអាចប្រឈមនៅក្នុងពេលអនាគត ដែលមិនអាចប៉ាន់ស្មានបាទ។
ជាថ្មីម្តងទៀត ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ និងគោរពគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លែការពិត» និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការ សុវត្ថិភាពរបស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ និងចូលរួមប្រឆាំង ទប់ស្កាត់ និងលុប បំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍។
ទន្ទឹមនេះ ក៏សូមឱ្យស្ថាប័នព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយ ផ្សព្វផ្សាយព័ត៌មានពិត និងធ្វើការបកស្រាយឱ្យបានទាន់សភាពការណ៍ដើម្បីបន្សាប និងបំផ្លាញចោល រាល់ព័ត៌មានក្លែងក្លាយរបស់ក្រុមអគតិ ក្រុមឱកាសនិយម ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និង បណ្តាញសង្គមនានាដើម្បីបំពុលបរិយាកាសសង្គមនិងក្រុមទុច្ចរិត ដែលកំពុងជ្រកក្រោមស្លាកស្ថាប័ន សារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃកិត្យានុភាព កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់ស្ថាប័ន សារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលអនុវត្តតាមវិជ្ជាជីវៈត្រឹមត្រូវ។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ដែលកំពុងបំពេញ បេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួបប្រទះនឹងពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖សុខ ខេមរា