ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនធំៗចំនួន៤ សហការគ្នាប្រឆាំងនឹងការប្រើប្រាស់កម្មវិធីរបស់ប្រទេសកាហ្សាក់ស្ថាន

ចែករំលែក៖

ភ្នំពេញ៖អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា, កាលពីម្សិលមិញនេះក្រុមហ៊ុនបង្កើតកម្មវិធី Web Browser ល្បីៗមានដូចជា Apple, Google, Microsoft និង Mozilla បានបិទកម្មវិធី Root Certificate របស់ប្រទេសកាហ្សាក់ស្ថាន ប្រើសម្រាប់ស្ទាក់ចាប់និងឌីគ្រីបទិន្នន័យ ដែលបានផ្ញើឬទទួលតាមរយៈគេហទំព័រដែលមានប្រព័ន្ធសុវត្ថិភាព HTTP ទៅលើប្រជាពលរដ្ឋនៅទីក្រុង Nur-Sultan។ 

កម្មវិធីតាមដាននេះត្រូវបានតម្រូវឱ្យប្រើប្រាស់កាលពីថ្ងៃទី៦ ខែធ្នូ តាមរយៈក្រុមហ៊ុនផ្ដល់សេវាកម្មអុីនធឺណិត ដោយបិទមិនឱ្យអ្នកប្រើប្រាស់ចូលទៅក្នុងគេហទំព័រក្រៅប្រទេស ជាពិសេសចូលទៅក្នុងគេហទំព័រល្បីៗដូចជា Google, Twitter, YouTube, Facebook, Instagram និង Netflix ប្រសិនបើពួកគេមិនបញ្ចូលកម្មវិធីរបស់រដ្ឋាភិបាលនេះទេ។ 

ទោះបីជារដ្ឋាភិបាលបានអះអាងថាកម្មវិធីនេះគឺសម្រាប់ការហ្វឹកហាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យាក្ដី  ក៏អ្នកឃ្លាំមើលផ្នែកសន្តិសុខបច្ចេកវិទ្យាមិនឯកភាពទៅលើការអះអាងរបស់រដ្ឋាភិបាល ព្រោះថាកម្មវិធីនេះនឹងមិនអាចជួយអ្វីបានធំដុំនោះទេនៅពេលដែលមានការវាយប្រហារ។ 

គោលបំណងរបស់ក្រុមហ៊ុនទាំង៤សហការគ្នាដើម្បីប្រឆាំងនឹងការប្រើប្រាស់កម្មវិធីនេះគឺ វានឹងរាំងខ្ទប់មិនឱ្យអ្នកប្រើប្រាស់ប្រើកម្មវិធី Web Browser ចូលទៅក្នុងគេហទំព័របានប្រសិនបើពួកគេបានដំឡើងកម្មវិធីរបស់រដ្ឋាភិបាលនេះ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយនោះទេដែលក្រុមហ៊ុនទាំង៤ បានបិទការប្រើប្រាស់នៅក្នុងប្រទេសកាហ្សាក់ស្ថាន។ កាលពីខែសីហា ឆ្នាំ២០១៩ ពួកគេបានបិទម្ដងរួចមកហើយទាក់ទងនឹងប្រទេសនេះ ដែលបានប្រើប្រាស់កម្មវិធីដើម្បីតាមដានគេហទំព័រទំនាក់ទំនងសង្គមដែលមានភាសារុស្ស៊ី ឬភាសាអង់គ្លេស៕

ដោយ៖សិលា


ចែករំលែក៖