ភ្នំពេញ៖ តាមពិតរដូវធ្វើប្រហុកបានចាប់ផ្ដើមនៅថ្ងៃនេះហើយ, គឺចាប់ពីថ្ងៃ ៦កើតរហូតដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី២០ ខែធ្នូ រហូតដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែតាមការសន្និដ្ឋាន ត្រីនឹងចាប់ផ្ដើមសម្បូរឡើងច្រើនគឺនៅថ្ងៃ ១០កើតនិង ថ្ងៃ ១១កើត។ នេះបើយោងតាមការបញ្ជាក់ពីលោក ថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ វិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប នៃរដ្ឋបាលជលផល និងជាបុរសដ៏ឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គកន្លងទៅនោះ។
ឥឡូវប្រជាពលរដ្ឋដែលមានជំនាញក្នុងការលក់ត្រីប្រមាណជា២០ឆ្នាំ រស់នៅម្ដុំគីឡូម៉ែត្រលេខ៦ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀតបានលើកឡើងថា អ្នកលក់ត្រីភាគច្រើនចាប់ផ្ដើមនាំគ្នាធ្វើប្រហុក ផ្អក ទុក ដែលត្រីធ្វើប្រហុកនេះ បើកាត់ក្បាលហើយមានតម្លៃក្នុងមួយគីឡូក្រាមមួយម៉ឺនរៀល តែបើអ្នកខ្លះគាត់មានពេលវេលាទិញនៅកន្លែងប្រមូលផលវិញគឺថោកជាងនេះ។ ពួកគាត់បានបន្តថា បន្ទាប់ពីផុតរដូវធ្វើប្រហុក ម្នាក់ៗគឺចាប់ផ្ដើមទៅលក់ត្រីធម្មតាវិញ ដូចជាត្រីផ្ទក់ ត្រីអណ្ដែង ត្រីដៀប។ល។
សូមជម្រាបជូនផងដែរថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្តីជូនដំណឹងពីកាលបរិច្ឆេទនៃរដូវធ្វើប្រហុក ផ្អក។ល។ គឺចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៦ ខែធ្នូឆ្នាំ ២០២០នេះ ក្នុងករណីដែលមេឃស្រឡះល្អគ្មានភ្លៀងកក់ខែឬមិនទទួលរងឥទ្ធិពលព្យុះ ការប្រមូលផលត្រីអាចសម្បូរឱ្យបងប្អូនប្រជាពលរដ្ឋយើងធ្វើផ្អកប្រហុកបានច្រើន។
នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល ក៏បានបញ្ជាក់ផងដែរថា ដោយផ្អែកទៅលើស្ថានភាពនៃរបបទឹកបឹងទន្លេសាប ពេលបច្ចុប្បន្ន គន្លងដាយត្រីនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាលអាចនេសាទត្រីបានច្រើនក្នុងខេត្តបុស្សនេះ និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើត្រីប្រហុកផ្អក ត្រីឆ្អើរ។ល។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តានាំគ្នាមកទិញត្រីនេះឱ្យបានរួចរាល់ក្នុងរយៈពេលមួយសប្ដាហ៍នេះ។
ដូច្នេះសូមបងប្អូនទិញត្រីធ្វើប្រហុក និងទិញនៅកន្លែងប្រមូលផលត្រីដែលមានតម្លៃទាបជាងលក់តាមទីផ្សារ ខណៈនៅសល់តែ ៦ ថ្ងៃទៀតប៉ុណ្ណោះ រដូវធ្វើត្រីប្រហុកផ្អកត្រីឆ្អើរ បានត្រូវបញ្ចប់ ដោយផលត្រីនឹងត្រូវខ្សត់ខ្សោយបើផុតរដូវមួយសប្ដាហ៍នេះ៕
ដោយ៖ សុខ ខេមរា