ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបករណីបង្ខាំងមនុស្សជំរិតទារប្រាក់និងរំលោភសេពសន្ថវៈនៅចំណុចតាមផ្លូវលំ ស្របផ្លូវរថភ្លើង ភូមិ​ស្រែក្នុង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល​ (កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០)​

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបានទទួលពាក្យបណ្ដឹងពីម្ដាយរបស់នារីរងគ្រោះថាមានគេតេជំរិតទារប្រាក់ចំនួន១០លានរៀលជាថ្នូរនឹងការដោះលែងកូនស្រីរួចមក​ លោកវរសេនីយ៍ឯក​ ហង្ស​ មុនី​ អធិការនគរបាលខណ្ឌកំបូល​ បានឲ្យលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ​រហូតដល់ម៉ោង ១១:៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ទើបកម្លាំងនគរបាលខណ្ឌកំបូល​ សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលចាប់បង្ខាំងមនុស្សជំរិតទារប្រាក់​ និងរំលោភសេពសន្ថវៈ នៅចំណុចតាមផ្លូវបេតុង ក្នុងភូមិថ្មី​ សង្កាត់ដង្កោ ខណ្ឌដង្កោ និងបានរំដោះនារីដែលជាជនរងគ្រោះចេញពីការបង្ខាំងបានដោយសុវត្ថិភាព។ 

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សៅ​ ប្រុស​ ហៅ​ បញ្ញា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​ ផ្លូវលំ​ ភូមិ​ស្រែ​ក្នុង​ សង្កាត់​កន្ទោក​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ (ឃាត់ខ្លួន​ គ្មាន​សារធាតុ​ញៀន)។

ចណែកជនរងគ្រោះឈ្មោះ អ​. ស​ ភេទស្រី​ អាយុ​១៦​ឆ្នាំ​ មុខរបរ​សិស្ស​ ស្នាក់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សម្ភារបន្សល់ទុកមាន៖

-ខោខូវប៊យជើងវែងចំនួន​១

-អាវយឺត​ ពណ៌ក្រហមចំនួន១

-ម៉ូតូចំនួន១គ្រឿង​ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ​ 1CB-9032

-ទូរស័ព្ទដៃ​១គ្រឿង ម៉ាកអិនចុចពិល ពណ៌ខៀវ។ 

បច្ចុប្បន្ន​ជនសង្ស័យខាងលើនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានកម្លាំង​ជំនាញ​នៃ​អធិ​ការដ្ឋាននគរបាលខណ្ឌកំបូល កសាង​សំណុំរឿង បញ្ជូនទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បីចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ដោយ៖សិលា


ចែករំលែក៖