ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមលោកផ្កាយ២ ភឺន ផល្លា ចេញធ្វើសកម្មភាពវាយ បាញ់ ប្លន់ដីប្រជាពលរដ្ឋ ទៀតហើយ នៅស្រុកព្រៃនប់ កាលពីម្សិលមិញ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រុមរបស់មេឈ្មួញរកស៊ីដីលោកផ្កាយ២ ភឺន ផល្លា មានតួនាទីជាមេបញ្ជាការង កងពលតូចលេខ៧០ បានបន្តចេញធ្វើសកម្មភាពទៀតហើយ ក្នុងគំនិតទុច្ចរិត ខាងជំនាញរំលោភយកដីប្រជាពលរដ្ឋ ដែលប្រើស្ទីលដដែលៗ គឺយកទាហាន ទៅគំរាមកំហែង វាយធ្វើបាប បាញ់ប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ គឺមានករណីកូនចៅលោកផ្កាយពីររូបនេះ មកយកដីប្រជាជន និងមានកាំភ្លើង ដំបង កាំបិត មកវាយធ្វើបាបប្រជាជន ស្ថិតនៅភូមិ-ឃុំឣូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាលឲ្យរងរបួសជាច្រើននាក់។

នៅទីតាំងកន្លែងកើតហេតុ គឺមានប្រជាពលរដ្ឋរាប់រយនាក់ បានស្រែកខ្លាំងៗ បញ្ជាក់ថា កូនចៅលោកផ្កាយ២ ភឺន ផល្លា បានយកកាំភ្លើងបាញ់គម្រាមពួកគាត់ចំនួន ៣គ្រាប់ និងវាយ ដោយដៃ ដំបង បណ្ដាលឲ្យប្រជាពលរដ្ឋជាម្ចាស់ដីរងរបួស ប៉ុន្តែសមត្ថកិច្ច អាជ្ញាធរ បានព្យាយាមប្រើវិធានការ ក្នុងការជួយរំដោះក្រុមជនសង្ស័យ ដែលសម្ងំនៅក្នុងរថយន្ត ជៀសវាងប្រជាពលរដ្ឋនាំគ្នាព្រួតចាប់មនុស្ស និងរថយន្ត ដែលជាបទល្មើសជាក់ស្ដែងទាំងនេះ។ 

ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ទាំងអស់គ្នាជាង ៦០០ គ្រួសារ បានមករស់នៅទីនេះ ប្រមាណជា ៣០ ឆ្នាំមកហើយ ហេតុអ្វីក៏លោកផ្កាយពីរ ភឺន ផល្លា មករំលោភ ប្លន់យកដីពួកគាត់ ដោយអំពើល្មើសច្បាប់ ទាំងបំពានបែបនេះទៅវិញ។ ពួកគាត់បញ្ជាក់ថា ថ្ងៃនេះសំណាងណាស់ ប៉ះចំថ្ងៃអាទិត្យ ដែលមានប្រជាពលរដ្ឋនៅផ្ទះច្រើន មិនបានទៅធ្វើការ ប្រសិនបើខុសពីថ្ងៃអាទិត្យ គាត់ទៅធ្វើការ ទៅចម្ការ ធ្វើការងារស្អីផ្សេងៗចោលផ្ទះសម្បែង ឬមានត្រឹមតែបួន ដប់នាក់នោះ ប្រាកដជាក្រុមរបស់លោក ភឺន ផល្លា វាយធ្វើបាប បាញ់សម្លាប់ចោលអស់ទៅហើយ(មានសំឡេងវីដេអូ)។ ពួកគាត់បានលើកឡើងទៀតថា តើនៅស្រុកខ្មែរយើងហ្នឹង អ្នកធំអស់ត្រឹមផ្កាយ២ លោក ភឺន ផល្លា នោះមែន , ! ព្រោះអីលោក ផ្កាយ២ លោក ភឺន ផល្លា ល្បីយូរហើយ ខាងរំលោភ យកដីរដ្ឋ ដីប្រជាពលរដ្ឋស្ទើរតែគ្រប់ខេត្ត-ក្រុង ហើយគ្មានសមត្ថកិច្ច អាជ្ញាធរ ថ្នាក់លើណា ធ្វើស្អីទៅតាមផ្លូវច្បាប់ ជាមួយបុគ្គលនេះបានសោះ។ 

ប្រជាពលរដ្ឋបានបញ្ជាក់ថា, កូនចៅលោកផ្កាយ២ ភឺន ផល្លា បានបាញ់ចំនួន ៣គ្រាប់ គំរាម សំឡុត និងវាយ ប្រជាពលរដ្ឋឲ្យរងរបួស។ ប៉ុន្តែដោយមានប្រជាពលរដ្ឋ រត់មកប្រមូលផ្ដុំគ្នាដ៏ច្រើនរាប់រយនាក់ ក្រុមជនបង្កជាកូនចៅលោកផ្កាយ២ ភឺន ផល្លា ក៏បានរត់ចូលក្នុងរថយន្ត និងចាក់សោរបិទទ្វារ ។ ចំណែកប្រជាពលរដ្ឋ បាននាំគ្នាយកឈើ ទៅកល់រថយន្តក្រុមជនបង្ក មិនឱ្យបើកចេញពីកន្លែងកើតហេតុ។ ប៉ុន្តែសមត្ថកិច្ចបានព្យាយាមកុំឱ្យមានសកម្មភាពកើតឡើង រវាងក្រុមកូនចៅលោកផ្កាយ២ ភឺន ផល្លា ជាមួយនឹងប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋបានបញ្ជាក់ថា, ក្រោយកូនចៅលោកផ្កាយពីរ ភឺនផល្លា បានធ្វើសកម្មភាព វ៉ៃ បាញ់ ប្រជាពលរដ្ឋរួច គឺមានវត្តមាននគរបាល តួនាទីជាមេប៉ុស្ដិ៍ស្មាច់ដែង បានយកកាំភ្លើងពីជនដៃដល់ មកទុកក្នុងហោប៉ៅរបស់ខ្លួន ដើម្បីបន្លំភ្នែកប្រជាពលរដ្ឋ ថាកូនចៅលោកផ្កាយពីរ ភឺនផល្លា គ្មានកាំភ្លើងនៅដៃទេ។ ប៉ុន្តែធាតុពិត ប្រជាពលរដ្ឋរាប់រយនាក់ បានឃើញកូនចៅលោកផ្កាយ២ ភឺន ផល្លា កាន់កាំភ្លើងបាញ់ ក្នុងបទល្មើសជាក់ស្តែង ដែលពួកគាត់បានកាន់ទូរស័ព្ទថត យ៉ាងពិតប្រាកដ។ ហេតុអ្វីក៏មេប៉ុស្តិ៍ស្មាច់ដែង មកកាន់ជើង និងការពារក្រុមជនខិលខូច ធ្វើបាបប្រជាពលរដ្ឋទាំងនេះទៅវិញ។ 

សមត្ថកិច្ច និងអាជ្ញាធរ ខ្លះដែលបានទៅកាន់ទីនោះ ពិតជាទទួលស្គាល់ថា ប្រជាពលរដ្ឋបានមករស់នៅទីនេះ តាំងពីឆ្នាំ 1993 មកម្ល៉េះ ទោះបីដីនៅតំបន់នោះ កន្លងទៅធ្លាប់ខាងជនជាតិចិនទិញ ពីប្រជាពលរដ្ឋក៏ពិតមែន ប៉ុន្តែតាំងពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន មិនដែលឃើញក្រុមចិនមកទេ មានតែប្រជាពលរដ្ឋកាន់កាប់រហូតដល់សព្វថ្ងៃនេះ។ ក្រោយមកក៏មានលេចឮ ឧកញ៉ា អ្នកធំ អ្នកមាន មួយចំនួន បានអះអាងថាមានប័ណ្ណ ជាម្ចាស់ដីនៅទីនោះ ទើបមានប្រតិកម្មពីប្រជាពលរដ្ឋ។ 

ប្រជាពលរដ្ឋបានស្រែកខ្លាំងៗនៅកន្លែងកើតហេតុថា តើលោក ភឺន ផល្លា ប្រើអំណាចអីហ៊ានមករំលោភ ប្លន់យកដីប្រជាពលរដ្ឋ ដែលពួកគាត់រស់នៅប្រមាណជា ៣០ ឆ្នាំមកហើយនោះ, ? ឈ្មោះភឺន ផល្លា នេះល្បីយូរហើយខាងប្លន់ដី ប្រជាពលរដ្ឋស្ទើរគ្រប់ខេត្តក្រុង ។ ដូច្នេះប្រជាពលរដ្ឋសំណូមពរឲ្យថ្នាក់លើ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចង់ឃើញបុគ្គលខាងលើនេះ កុំឱ្យប្រជាពលរដ្ឋ រងទុក្ខ វេទនា ដោយសារ ការវាយដំ ធ្វើបាប ប្រើអំពើហិង្សា យកទាហាន មកគំរាមកំហែង បាញ់ តាមអំពើចិត្តបែបនេះតទៅទៀត។ 

សូមបញ្ជាក់ថា, កាលពីរសៀលម្សិលមិញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ទោះជាមានសមត្ថកិច្ច នគរបាល កងរាជអាវុធហត្ថ អាជ្ញាធរ ទៅជាមួយក្រុមកូនចៅលោកផ្កាយ២ ភឺន ផល្លា ក៏ពិតមែន ក៏ក្រុមលោក ភឺន ផល្លា នៅតែប្រើអំពើហិង្សា វាយធ្វើបាបប្រជាពលរដ្ឋ និងយកកាំភ្លើងបាញ់ នៅចំពោះមុខសមត្ថកិច្ចអាជ្ញាធរទៀតផង។ បញ្ហានេះប្រជាពលរដ្ឋចោទជាសំណួរថា ក្រុមកូនចៅលោកផ្កាយពីរ ភឺន ផល្លា ប្រព្រឹត្តបទល្មើសជាក់ស្ដែងមកលើប្រជាពលរដ្ឋទៅហើយ ហេតុអីក៏សមត្ថកិច្ច អាជ្ញាធរ មិនចាត់វិធានការ ឃាត់ខ្លួនក្រុមជនបង្ក ដើម្បីកសាងសំណុំរឿងទៅតុលាការ។ បែរជាព្យាយាមរំដោះក្រុមជនបង្កទាំងនោះទៅវិញ, ! ប្រជាពលរដ្ឋបានអះអាងថា មេភូមិ និងមេឃុំ គាត់ជាមនុស្សល្អណាស់ បានជួយប្រជាពលរដ្ឋ ប៉ុន្តែដោយសារគាត់គ្មានអំណាច ជាមន្ត្រីថ្នាក់ក្រោម ម្លោះហើយ មិនអាចធ្វើអ្វីបានជាមួយលោកផ្កាយពីរ ភឺន ផល្លា នេះបានឡើយ។ 

សមត្ថកិច្ចខ្លះបានលួចបង្ហើបថា ពួកគាត់មកទាំងបង្ខំ ដោយសារមានបញ្ជាពីថ្នាក់លើ តាមពិតទៅក្រុមរបស់ ភឺន ផល្លា នេះល្បីខ្លាំងយូរហើយ រឿងរំលោភដីរដ្ឋ ដីប្រជាពរដ្ឋនៅខេត្តព្រះសីហនុ។ ដូចជាករណីជាក់ស្ដែងនេះ ប្រជាពលរដ្ឋរស់នៅរាប់រយគ្រួសារ ជាង៣០ ឆ្នាំមកហើយ រឿងអីដែលលោក ភឺន ផល្លា មកអះអាងថាខ្លួនជាម្ចាស់ដី រំលោភយកដីប្រជាពលរដ្ឋ, ! 

មានអ្នកខ្លះលួចធ្លោយថា, ក្រុមរបស់លោកផ្កាយ២ ភឺន ផល្លា បានព្យាយាមធ្វើល្បិច ឱ្យប្រជាពលរដ្ឋ ដែលរស់នៅទីនោះពិតប្រាកដ ជាង ៣០ឆ្នាំនោះ ផ្តិតមេដៃឱ្យគាត់ រួចបញ្ជាក់ថា សុទ្ធតែជាអ្នក បានរស់នៅលើដីនោះជាង ៣០ ឆ្នាំពិតប្រាកដមែន។ ប៉ុន្តែល្បិចអស់នេះ ប្រជាពលរដ្ឋគាត់ធ្លាប់ដឹង ពីក្រយ៉ៅលោកផ្កាយពីរ ភឺន ផល្លា ធ្វើបាបប្រជាពលរដ្ឋតាមរូបភាពនេះ ខណៈបានមេដៃប្រជាពលរដ្ឋហើយ មិនដឹងអាចដាក់ថា ជាស្នាមមេដៃប្រជាពលរដ្ឋ បានលក់ដីមកឲ្យគាត់ ដើម្បីឈានទៅធ្វើលិខិតកាន់កាប់ប្រើប្រាស់ដីធ្លី រឿងធ្វើប្លង់រឹង។ ប្រជាពលរដ្ឋបានលើកឡើងថា, ល្បីយូរហើយការធ្វើបែបនេះរបស់លោកផ្កាយ ២ ភឺន ផល្លា ដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយ គេហទំព័រ កាសែត ទូរទស្សន៍ បណ្ដាញទំនាក់ទំនងសង្គម facebook បាននិយាយអំពីសកម្មភាពរំលោភដីធ្លី នៅតាមបណ្ដារាជធានី-ខេត្ត ប្រព្រឹត្តដោយក្រុមលោក ភឺន ផល្លា នេះ។ ដូចថ្ងៃនេះប្រជាពលរដ្ឋជាង ៦០០ គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិ-ឃុំឧកញ៉ាហេង  ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មិនត្រូវចាញ់ល្បិចក្រុមនេះឡើយ។ 

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាពលរដ្ឋ ដែលបានចោទប្រកាន់ថា កូនចៅរបស់លោកផ្កាយ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ យកកាំភ្លើងទៅបាញ់ប្រជាពលរដ្ឋ វាយធ្វើបាបប្រើអំពើហិង្សា នៅចំណុចភូមិ-ឃុំឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលម្សិលមិញនោះ មកដល់ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ អង្គភាព នគរដ្រេហ្គន មិនអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺបានទេពីលោកឧត្តមសេនីយ៍ទោ ភឺន ផល្លា មេបញ្ជាការរង កងពលតូចលេខ៧០ ដោយសារទូរស័ព្ទចូល គ្មានអ្នកទទួល និងមានអ្នកព្យាយាមចុចបិទជាញឹកញាប់។ 

សូមរំលឹកផងដែរថា លោកផ្កាយ២ ភឺន ផល្លា មានតួនាទីជាមេបញ្ជាការង កងពលតូចលេខ ៧០ផង, ជានាយកក្រុមហ៊ុនឯកជនផង, ជាមេខ្លោងការពារឲ្យជនជាតិចិនផលិតបារីខុសច្បាប់ផង(កន្លងទៅបារីខុសច្បាប់នេះ គាត់ត្រូវបានខាងអង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ) ឃាត់ចាប់ម្ដងរួចមកហើយ ។ ប៉ុន្តែដោយមានការអន្តរាគមន៍ពីលើជួយលោកផ្កាយពីរ ភឺន ផល្លា នគរបាលសេដ្ឋកិច្ចក៏បានដកខ្លួនចេញ ជៀសវាងថ្នាក់លើមិនសប្បាយចិត្ត។ 

បើនៅតំបន់ ជាយរាជធានីភ្នំពេញ និងនៅក្នុងរាជធានីភ្នំពេញ ក្រុមលោក ភឺន ផល្លានេះ ល្បីខ្លាំងណាស់ខាងរំលោភយកដីប្រជាពលរដ្ឋ ដីរដ្ឋ រហូតដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនក្រុមលោក ភឺន ផល្លា បានមួយក្រុមក្នុងបទល្មើសជាក់ស្ដែង ប្រើប្រាស់រថយន្តពាក់ស្លាកលេខខម មានកាំភ្លើង គម្រាម ប្រជាពលរដ្ឋ រំលោភយដីប្រជាពលរដ្ឋ។ ប៉ុន្តែការឃាត់ខ្លួននេះ មិនបាន ៤៨ម៉ោងផង ក៏មានការដោះលែង អាចដោយសារការអន្តរាគមន៍ ឬក៏ជារឿងបញ្ហាប្រាក់ជាធំ ទើបសមត្ថកិច្ចមិនបានហែកខ្មៅ អោយដាច់ពី ស ។ ឈានដល់ក្រុមលោកផ្កាយពីរ ភឺន ផល្លា បន្តធ្វើសកម្មភាពយកទាហាន បក្សពួករបស់ខ្លួន ទៅរំលោភយកដីប្រជាពលរដ្ឋ ប្រើអំពើហិង្សា បាញ់បោះគំរាមប្រជាពលរដ្ឋ កើតឡើងសាជាថ្មីហើយ នៅភូមិ-ឃុំឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ ផ្អើលអស់ប្រជាពលរដ្ឋពេញមួយឃុំតែម្ដង។

គេកំពុងតែមានចម្ងល់ថា ហេតុអ្វីក៏ថ្នាក់លើ មិនទាន់មានវិធានការទៅលើបុគ្គលនេះ ដែល សាងអំពើអាក្រក់ច្រើនណាស់ មកលើប្រជាពលរដ្ឋ ជាមួយនឹងការប៉ះពាល់ដល់អង្គភាពរបស់ខ្លួនថែមទៀតក្នុងនាមជាមេកងទ័ពនោះ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖